ហួរហាប់ពាក់ផ្កាយ៣កំពុងចាក់ដីរំលោភយកឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអាជ្ញាធរពាក់ព័ន្ធមិនហ៊ានក្អក

0

ខេត្តកោះកុង :សេចក្តីរាយការណ៍បានអោយដឹងថាផ្ទៃដីទំហំប្រមាណជាង១០ហិកតាត្រូវបានអ្នកមានអំណាចចាក់ចូលតាមបណ្តោយឆ្នេរសមុទ្រជិត២គីឡូម៉ែត្រ ត្រង់ចំនុច ពយ ជិនទុងក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។ពលរដ្ឋមូលដ្ឋានបានលើកឡើងថាឈ្មួញដែលធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រខាងលើមានឈ្មោះ ហួរ ហាប់ មានតួនាទីជាមន្ត្រីយោធាជាន់ខ្ពស់ខាងជើងទឹក កាន់តំបន់សមុទ្រ ថ្នាក់ឧត្តមសេនីយ៍ឯកទៀតផង ។

ពលរដ្ឋបានលើកឡើងទៀតថា កន្លងមកតំបន់នេះគឺជាកន្លែងប្រជាពលរដ្ឋតែងតែចេញចូលរកស៊ីប្រចាំថ្ងៃ តែបច្ចុប្បន្នបានក្លាយជាទីតាំងត្រូវគេហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់។នៅទីនោះមិនឲ្យថតយករូបភាពជាដាច់ខាត ប្រសិនបើអ្នកណាហ៊ានថតឱ្យគេដឹង គេនឹងចាប់ដកយកម៉ាស៊ីនថតឬទូរស័ព្ទដៃ ទន្ទឹមនេះគឺកន្លែងនេះត្រូវបានគេដាក់បារ៉ាស់មិនឲ្យចេញចូល ដោយមានអ្នកយាមប្រមាណជាង ២០នាក់ ដើរមើលគ្រប់ទីកន្លែងក្នុងបរិវេណនោះផងដែរ។

ប្រភពខាងលើថា ការចាក់រំលោភយកសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនេះ មិនមែនជារឿងធម្មតានោះទេ វាអាចមានការឃុបឃិតជាប្រព័ន្ធ រវាងអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមឈ្មួញ បើមិនដូច្នោះទេគេមិនអាចសម្រុកចាក់ដីយកសមុទ្រដោយខុសច្បាប់រដ្ឋបានយ៉ាងរលូនបែបនេះឡើយ ។ពួកគាត់ក៏សង្ឃឹមថាគណៈកម្មការឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិតជាមិនអាចឈរអោបដៃមើលបញ្ហាមួយនេះឡើយ ។

ជុំវិញការចោទប្រកាន់ខាងលើលោកទួនសិលាអភិបាលស្រុកស្រែអំបិលបានឲ្យដឹងថា ចំពោះករណីចាក់ដីលុបឆ្នេរសមុទ្រនេះ លោកមេឃុំមិនបានធ្វើរបាយការណ៍ឬរាយការណ៍មកគាត់ទេ ពេលនេះគាត់កំពុងជាប់សន្និបាតនៅរាជធានីភ្នំពេញចាំគាត់ត្រឡប់មកវិញគាត់នឹងសួរទៅខាងមេឃុំ ។លោកជានាងប្រធានភូមិបាលស្រុកស្រែអំបិលក៏បានឲ្យដឹងដែរថា ចំពោះករណីចាក់ដីលុបសមុទ្រនេះលោកបានធ្វើរបាយការណ៍ទៅថ្នាក់លើហើយដែលស្ងាត់ឈឹង ហើយការចាក់ដីនោះគឺមិនមានច្បាប់អនុញ្ញាតនោះទេ ហើយប្រសិនបើមានការសុំច្បាប់វិញក៏លោកមិនហ៊ានស៊ីញ៉េដែរ ពីព្រោះដីនោះជាដីសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

ចំពោះលោក ម៉េង តិច ប្រធានបរិស្ថានស្រុកស្រែអំបិលបាននិយាយថារឿងចាក់ដីរំលោភបំពានឆ្នេរសមុទ្រនោះ វាស្ថិតនៅក្នុងតំបន់សហគមន៍ និង ជលផល ហើយមេឃុំជ្រោយស្វាយជាអ្នកគ្រប់គ្រងមិនជាប់ពាក់ព័ន្ធនឹងគាត់ទេ ។យ៉ាងណាក៏ដោយលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយបានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះលោកពុំសូវដឹងច្បាស់ទេពីព្រោះលោកទើបតែផ្លាស់មកជាងមួយឆ្នាំ បើតាមលោកដឹងដីនេះគេបានទិញពីពលរដ្ឋជាច្រើនម្ចាស់ ក្នុងឆ្នាំ ២០០៤ ហើយក៏បានចាក់ដីជាបន្តបន្ទាប់រហូតមក ។ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហួរ ហាប់ បានទេនាពេលនេះ៕