មន្រ្តីរដ្ឋបាលព្រៃឈើនៅភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ រងការចោទថានាំគ្រឿងចក្រឈូសឆាយដីព្រៃ

0

ស្ទឹងត្រែង៖នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល-អន្លង់ជ្រៃ រងការចោទប្រកាន់ថា បាននាំគ្រឿងចក្រឈូសឆាយដីព្រៃយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ។ ការចោទនេះ បន្ទាប់ពី កម្លាំងអាវុធហត្ថខេត្តសហការជាមួយនា
យផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ និងអាជ្ញាធរស្រុក បានចុះទៅបង្រ្កាបនិងឃាត់គ្រឿងចក្រមួយគ្រឿង កំពុងធ្វើសកម្មភាព ឈូសឆាយដីព្រៃ នៅចំនុចអូរខ្យង ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិ
វ៉ាត់ ខេត្តស្ទឹងត្រែង ។ ការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ រួមនិងគ្រឿងចក្រមួយគ្រឿងផងដែរ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញ ។

មន្ត្រីអាវុធហត្ថដែលស្ថិតក្នុងការចុះបង្ក្រាបគ្រឿងចក្រនោះ បានឲ្យដឹងថា៖បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ គង់ភាស់ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ ចំណែកម្ចាស់ដី ដែលជួលគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនេះត្រូវគេស្គាល់ឈ្មោះថាៈអឿ គឹមហេង មានតួនាទីជានាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល-អន្លង់ជ្រៃ ។

បុរសឈ្មោះគង់ ភាស់ នោះបានឲ្យដឹងថា៖ គ្រឿងចក្រនេះគឺជារបស់គាត់ ត្រូវបានឈ្មោះអឿ គឹមហេង ជួលមកធ្វើការឈូសឆាយក្នុងតម្លៃមួយហិកតា ៣៣០ដុល្លារសហរដ្ឋអាមេរិក និងបានកក់លុយចំនួន៣០០០ដុល្លារ ។ បន្ទាប់ពីធ្វើការឈូសឆាយរយ:ពេល២ថ្ងៃមកនេះ បានប្រហែល៣ហិកតា ស្រាប់តែមានកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុកចុះមកធ្វើការឃាត់គ្រឿងចក្ររបស់គាត់តែម្ដង ។

ជុំវិញការចោទប្រកាន់ខាងលើ លោក អឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល-អន្លង់ជ្រៃ បាន ឆ្លើយបដិសេធនថា លោកពុំមានជាប់ពាក់ព័ន្ធក្នុងករណីនាំគ្រឿងចក្រមកឈូសឆាយដីព្រៃនោះឡើយ ។បច្ចុប្បន្នគ្រឿងចក្រឈូសឆាយដីព្រៃខុសច្បាប់និងបុរសម្ចាស់គ្រឿងចក្រ ត្រូវបានកម្លាំងចម្រុះកំពុងធ្វើការរឹបអូស យកទៅរក្សាទុកនៅសាលាស្រុកថាឡាបរិវ៉ាត់ ដើម្បីធ្វើការស្រាវជ្រាវ និងអង្កេតលើករណីនេះ ។

ចំណែកលោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើថាឡា បាននិយាយថា រឿងនេះលោកកំពុងតែធ្វើការស្រាវជ្រាវរកឯកសារពាក់ព័ន្ធទៅលើផ្ទៃដីដែលកំពុងឈូសឆាយនេះផងដែរ ថាតើមានច្បាប់ដែរឬអត់បើពុំមានច្បាប់នោះទេ សមត្ថកិច្ចនឹងធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ  ម៉ាវិន