ខេត្តបន្ទាយមានជ័យ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានលើកឡើងនិងដាក់បទបញ្ជាជម្រុញឱ្យកម្លាំងនគរបាលក្រោមបង្គាប់ត្រូវចាត់វិធានការដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខណៈដែលក្នុងរយៈពេលចុងក្រោយនេះ ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាសកម្មភាពជួញដូរគ្រឿងញៀននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ហាក់បីដូចជាកំរើកឡើងវិញ។បន្ទាប់ពីកម្លាំងសមត្ថកិច្ចទាំង២ប្រភេទកម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថបានបង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀនជាទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅទល់ដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ស្នងការក៏បានលើកឡើងទៀតថា ការដោះស្រាយ បញ្ហាគ្រឿងញៀនត្រូវធ្វើឱ្យសកម្មមិនត្រូវរាថយនោះឡើយ។បញ្ហាគ្រឿងញៀនវាបង្កឱ្យកើតមានចោរលួច ចោរឆក់ ចោរប្លន់ និងកើតអំពើអំហឹង្សាជាដើម។
ពាក់ព័ន្ធនិងគ្រឿងញៀននេះផងដែរស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានដាក់ផែនការកម្លាំងនគរបាលចរារចសហការនិងកម្លាំងជំនាញគ្រឿងញៀនត្រូវពង្រឹងការត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តដើម្បីស្វែងរកអ្នកប្រើប្រាស់គ្រឿងញៀន។ពីព្រោះអ្នកប្រើប្រាស់គ្រឿងញៀនបើកបររថយន្តមានហានិភ័យបង្កឱ្យកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ការដោះស្រាយបញ្ហាគ្រឿងញៀនលោកឧត្តមសេនីយ៍ស្នងការក៏ដាក់ផែនការឱ្យមានការត្រួតពិនិត្យកំណត់មុខសញ្ញាអ្នកប្រើប្រាស់ អ្នកជួញដូរគ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការបង្រ្កាប។មិនតែប៉ុណ្ណោះក៏ឱ្យមានរៀបចំវេទិការផ្សព្វផ្សាយអប់រំផលប៉ះពាល់ពីគ្រឿងញៀនជូនដល់សិស្សនៅតាមសាលារៀននានាក្នុងខេត្តបន្ទាយមានជ័យឱ្យបានយល់ដឹង ដើម្បីបញ្ចៀសកុំឱ្យសិស្សទៅប៉ះពាល់គ្រឿងញៀន។
លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម ក៏បានស្នើសុំឱ្យកម្លាំងនគរបាលក្រោមបង្គាប់ក៏ដូចជាក្រុមគ្រួសារកុំពាក់ព័ន្ធនិងគ្រឿងញៀន។ប្រសិនក្នុងករណីដែលរកឃើញមានកម្លាំងនគរបាលរឺក្រុមគ្រួសារប្រព្រឹត្តបទល្មើសគ្រឿងញៀននិងត្រូវចាត់វិធានការតាមផ្លូវច្បាប់នោះហើយ៕ឃិន គន្ធា




































