កំពង់ធំៈ ចំការអាកាស្យា៥ហិចតា ត្រូវបានឆេះរលាយនៅក្នុងមួយប៉ព្រិចភ្នែក ដោយសារតែមានការធ្វេសប្រហែសនិងប្រមាណ ក្នុងការដុតសំរាមដោយមិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យភ្លើងឆាបឆេះរាលដាលដល់ ចំការអាកាស្យា និងបន្តរាលមកឆេះក្បែរសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឲ្យម្ចាស់ផ្ទភ័យប្រហោងពោះ ព្រលឹងចុងសក់ កាលពីថ្ងៃទី ០១ខែឧសភា ឆ្នាំ ២០១៩។
តាមការឲ្យដឹងពីសមត្ថកិច្ចបានអោយដឹងថា ក្នុងថ្ងៃកើតហេតុ មានអគ្គិភ័យឆាបឆេះចំនួន០២លើក នៅវេលាម៉ោង១២:២០នាទី ទី១ ភ្លើងបានឆេះព្រៃស្ថិតនៅទល់មុខវរសេនាតូចលេខ១ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ បណ្តាលមកពី ដុតសំរាមបណ្តាលឲ្យរាលឆេះព្រៃ និងទី២ ភ្លើងបានឆេះចំការប្រេងខ្យល់ស្ថិតនៅទល់មុខសួនអាពាហ៍ពិពាហ៍ ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលមានម្ចាស់ចំការឈ្មោះ កុកលន់ ភេទប្រុស អាយុ៥២ឆ្នាំ ខូចខាត:ឆេះចំការអស់ប្រហែល៥ហិចតា។
បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ អ៊ុក កុសស ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជា ឲ្យលោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ និងលោកវរសេនីយ៍ទោយន់ ឆៃយាន អធិការរងទទួលផែនការងារអគ្គិភ័យស្រុកកំពង់ស្វាយ នាំយករថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ ដោយសហការជាមួយនិងរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ធំចំនួន០៣គ្រឿង ចូលរួម ពន្លត់ក្នុងហេតុការណ៍ ភ្លើងឆេះព្រៃរហូតសមត្ថកិច្ចបានពន្លត់បានជោគជ័យ ដោយប្រើប្រាស់ទឹកអស់ចំនួន៧រថយន្តស្មើនិង៣០ម៉ែត្រគូប ដោយប្រើកម្លាំងជំនាញខេត្តនិងកម្លាំងស្រុកកំពង់ស្វាយបានចុះអន្តរាគមន៍ចំនួន១៨បានរលត់ទាំងស្រុងមិនបង្ករឲ្យរងរបួសមនុស្សនិងឆេះរាលដាលបន្តទៀតឡើយ។
ក្នុងនោះលោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្ន ការពារកុំឲ្យមានអគ្គីភ័យកើតឡើង ក្នុងរដូវក្តៅនេះ ព្រោះវាអាចនិងបង្ករឲ្យឆេះបានយ៉ាងឆាប់ ទាំងការដុតសំរាម ដុតធូបទាន និងភ្នក់ភ្លើង នានា មុនចាកចេញពីផ្ទះ ត្រូវពន្លត់ភ្លើងជើងក្រាន ធូបទាន ឲ្យបានល្អសិន ដើម្បីចៀសវាងកើតអគ្គីភ័យ ឆាបឆេះទ្រព្យសម្បត្តិ ។
ដោយ ប៊ុន រដ្ឋា





































