ក្រចេះ៖ ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមជាមូយនិងសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាអនុសាខាស្រុកចិត្របុរី បានចុះសួរសុខទុក្ខនឹងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះស្រាលដោយសារខ្យល់កន្ទ្រាក់ចំនួន ១៤ គ្រួសារ និងប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន៧គ្រួសារ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ។
ក្នុងដំណើរសាកសួរសុខទុក្ខនាឪកាសនោះ ឯកឧត្តម ធុន គ្រី មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហកជាពិសេស បងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់គ្រោះធម្មជាតិ ត្រូវខាតបងនូវទ្រព្យសម្បត្តិ ផលដំណាំ របស់បងប្អូន ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះ កឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេះ ត្រីខ ១០កំប៉ុង មុងសុវត្ថិភាព១ និងខោអាវព្រមទាំងថវិការមួយចំនួនផងដែរ ៕
ជាមួយគ្នានោះឯកឧត្តម ផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថានល្អ ត្រូវចេះរៀបចំអនាម័យក្នុងការរស់នៅឱ្យបានស្អាត តាមរយៈ ហូបស្អាត ផឹកស្អាត ចៀសវាងកើតមានជំងឺផ្សេងៗ ពីព្រោះថាបើបងប្អូនខ្វះស្បៀងអាហារយើងអាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជម្ងឺវិញ គឺមានតែខ្លួនឯងទេ ដែលជាអ្នកឈឺចាប់ ។ ក្រៅពីនោះបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ បញ្ហាសុខភាពជាប្រចាំ ដូច្នេះប្រសិនបើមានករណីនេះកើតឡើង ចំពោះក្រុមគ្រួសារ របស់បងប្អូន ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល បានទាន់ពេលវេលា ម្យ៉ាងវិញទៀតសូមជួយអប់រំកូនចៅអោយជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរ និងត្រូវចេះគោរពច្បាប់ចរាចរ ។ ទន្ទឹមនេះដែរ សូមបងប្អូនខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត ។ ដោយ ប៊ុន មនោ





































