ស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅស្រុកថាឡាបរិវ៉ាត់បានមួយករណី ក្នុងនោះជនសង្ស័យប្រុស-ស្រីពីរនាក់រួមនិងសារធាតុញៀនមួយកញ្ចប់ធំ ។ ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩
វេលាម៉ោង៤រសៀល លើកំណាត់ផ្លូជាតិលេខ៩ ត្រង់ចំនុចផ្លូវបំបែកចូលភូមិព្រះរំកិល ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។
មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ សុំ សាង ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមា្នក់ទៀតឈ្មោះ មុត សៃ ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ រស់នៅភូមិ.ឃុំជាមួយគ្នា ។
ចំណែកសារធាតុញៀនដែលបង្រ្កាប និងរឹបអូសបាន មានទម្ងន់៩៩៤,៥ក្រាម ស្មើនិងជិតមួយគីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស (ម៉ាទឹកកក) ។
បច្ចុប្បន្ន ជនសង្ស័យវ័យចំណាស់ទាំងពីរត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងជសបណ្តោះអាសន្ន ស្ថិតក្រោមការស៊ើបសួរនិងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់អយ្យការអមសសលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ ៕ ម៉ាវិន





































