សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ចូលមកកម្ពុជា ឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ដកហូតបានថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាម !

0

ដោយ៖ឡុង សំបូរ ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជួញដូរគ្រឿងញៀនឆ្លងដែន ប្រុស ស្រីពីរនាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជិត១គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បើកប្រតិបត្តិការចុះឃាត់ខ្លួន និងដកហូតបាន នៅថ្ងៃទី២ឧសភាម្សិលមិញ នៅលើកំណាត់ផ្លូជាតិលេខ៩ ត្រង់ចំណុច ផ្លូវបំបែកចូល ភូមិព្រះរំកិល ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃទី៣ឧសភា២០១៩នេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ និងហែកកញ្ចប់គ្រឿងញៀន ដើម្បីធ្វើតេស្តរកសារធាតុញៀន វាស់ និងថ្លឹង ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែ គឺលោក គឹម ហុងសាន ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលបានរងការឃាត់ខ្លួននៅពេលនេះ ម្នាក់ឈ្មោះ សុំ សាង ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខែ្មរ និងម្នាក់ទៀត ឈ្មោះ មុត សៃ ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខែ្មរ ជនសង្ស័យទាំងពីរនាក់រស់នៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែក សារធាតុញៀនដែលរឹបអូសបាននាពេលនេះ មានចំនួន១កញ្ចប់ធំ ហើយក្រោយការវាស់ថ្លឹង ថ្នាំញៀនមានទម្ងន់៩៩៤,៥ក្រាម ស្មើនឹងជិត១គីឡូក្រាម ជាប្រភេទថ្នាំមេតំហ្វេតាមីន ice ឬ ហៅថា « ម៉ាទឹកកក »។ នៅក្នុងថ្ងៃនេះ ជនសង្ស័យប្រុស ស្រី ទាំងពីរនាក់ និងថ្នាំញៀនម៉ាទឹកកក មានទម្ងន់ជិត១គីឡូក្រាម កំពុងស្ថិតក្រោមការសាកសួរ និងគ្រប់គ្រងរក្សាទុក ពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង។ ជនសង្ស័យ រួមនឹងវត្ថុតាង នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង នាថ្ងៃទី៤ឧសភាស្អែកនេះ ហើយសមត្ថកិច្ចនគរបាលជំនាញ នឹងបន្តស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធ នៅពីក្រោយនៃការជួញដូរគ្រឿងញៀនពី ឡាវប្រទេសចូលមកកម្ពុជា នេះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ច្បាប់ប្រឆាំងគ្រឿងប្រទេសកម្ពុជា បានចែងថា ជនណាជួញដូរគ្រឿងញៀន ចាប់ពី៨០ក្រាមឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត៕