ស្ទឹងត្រែង៖មេឈ្មួញរកស៊ីឈើជាជនជាតិវៀតណាមដ៏ល្បីឈ្មោះ ដែលគេស្គាល់ថា ឈ្មោះហេង សំនៀង ហៅយាយព្រឿង ក្រោយចេញពីពន្ធនាគារ បានចាប់ផ្ដើមរកស៊ីមុខរបរចាស់វិញហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយកម្លាំងអាវុធហត្ថផ្ទៃប្រទេសដឹកនាំដោយលោកវរៈសេនីយ៍ឯក ទូច គង្គារ និងក្រោមបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ ហុង វិណុល ។ ដោយក្នុងនោះ យាយព្រឿងត្រូវបានតុលាការសម្រេចផ្តន្ទារទោសដាក់ពន្ធនាគារអស់មួយរយៈ ពាក់ព័ន្ធក្នុងការរារាំងការងារសមត្ថកិច្ច រួមនិងប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ។
ជាក់ស្តែងកាលពីសប្តាហ៍មុនគេបានប្រទះឃើញមានរថយន្តប្រភេទដឹកដី បានដឹកជញ្ជូនឈើចេញពីទីតាំងមួយចំនួនក្នុងខេត្តស្ទឹងត្រែង យកចូលទៅក្នុងឃ្លាំងមួយកន្លែងដែលស្គាល់ថាជាឃ្លាំងយាយព្រឿងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ពាក់ព័ន្ធនិងករណីនេះ យាយព្រឿង បានបញ្ជាក់ថា៖ឈើដែលដឹកជញ្ជូនតាមរថយន្តបែនដឹកដី គឺមានច្បាប់អនុញ្ញាត្តិចេញពីរដ្ឋបាលព្រៃឈើខេត្តចំនួន២០ម៉ែត្រគូប ដោយឈើទាំងនោះត្រូវបាន លោកគា ភៀច ជាអ្នកដេញថ្លៃបានពីរដ្ឋបាលព្រៃឈើខេត្ត ចំណែកគាត់គ្រាន់តែសុំចែកពីលោកគា ភៀច រួចដឹកចូលឃ្លាំងដូចជាឈើឈ្លីក សុក្រំ ដើម្បីយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមតែប៉ុណ្ណោះ ។
ចំណែកលោកគា ភៀច បានបញ្ជាក់ថា៖ ឈើខាងលើនេះ លោកដេញថ្លៃបានតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយសារទីផ្សារធ្លាក់ថ្លៃ ទើបមិនបានមកប្រមូលឈើទាំងនោះដឹកចេញ ទើបតែនៅពេលនេះក៏ចាប់ផ្តើមប្រមូលដឹកជញ្ជូននៅតាមសង្កាត់រដ្ឋបាលព្រៃឈើដែលមានចំនួន០៦កន្លែង ស្មើនិងប្រមាណជាង៣០០ម៉ែត្រគូប ឯចំពោះ
លោកស្រី ហេង សំនៀង ដែលមានទីលំនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងសឹ្ទងត្រែងនោះ បានមកអង្វរសុំចែកឈើពីលោកចំនួន១០០ម៉ែត្រគូប ។
លោកថាៈដោយសារតែមានការអាណិតអាសូរយាយព្រឿង ទើបតែចេញពីពន្ធនាគារថ្មីៗផង ណាមួយគាត់ពុំសូវមានលុយកាក់ ក៏បានចែកឈើឲ្យចំនួន២០ម៉ែត្រគូបសិន ដោយក្នុងមួយម៉ែត្រគូបតម្លៃប្រមាណជាង៨០០
ដុល្លារដើម្បីយកទៅកែច្នៃធ្វើជាគ្រឿងសង្ហារឹមផ្សេងៗ ។ ហើយប្រសិនបើលោកស្រី ហេង សំនៀង យព្រឿងលួចទិញឈើខុសច្បាប់ពីអ្នកផ្សេងដាក់លាយជាមួយឈើទិញពីលោក បន្លំធ្វើជាឈើស្រប
ច្បាប់ គឺលោកមិនទទួលខុសត្រូវ និងសូមឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ចុះ ។
ជុំវិញរឿងនេះដែរ លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសឹ្ទងត្រែង បានប្រាប់ថាៈរឿងឈើដែលដឹកតាមរថយន្តបែនខាងលើ គឺគេយកទៅអារនិងជ្រៀកកែច្នៃធ្វើគ្រឿងសង្ហារឹម ដើម្បីប្រើប្រាស់ក្នុងស្រុក ដោយឈើទាំងនោះគេមានច្បាប់ត្រឹមត្រូវ ដែលដេញថ្លៃបានពីខណ្ឌរដ្ឋបាលព្រៃឈើ ដូច្នេះគេមានសិទ្ធិប្រមូលយកឈើចេញពីផ្នែក ពីសង្កាត់រដ្ឋបាលព្រៃឈើជាច្រើនកន្លែងក្នុងខេត្តសឹ្ទងត្រែង ។ ដោយឡែក រឿងយាយព្រឿងសុំទិញពីអ្នកដេញថ្លៃយ៉ាងណានោះ គឺជារឿងផ្ទៃក្នុងរបស់គេ យើងពុំចាំបាច់សួរដេញដោលស៊ីជម្រៅរឿងផ្ទៃក្នុងរបស់គេទេ ៕