កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំង គណកម្មការសមាគមអតីតយុទ្ធជនខេត្ត ស្រុក និង សហការីបានអញ្ជើញចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារ សព របស់លោក ជ័យ ចយ ដែលជាអតីតយុទ្ធជនបានមរណៈភាព ដោយរោគាពាធនៅមន្ទីរពេទ្យខេត្តកំពង់ធំ វេលាម៉ោង៥:១៥នាទី ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំ របស់ក្រុមគ្រួសារសពអតីតយុទ្ធជន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមក្នុងពិធីបុណ្យសព ដែលបានប្រារព្វធ្វើ ឡើងនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ។
តាមប្រវត្តរបស់លោក ជ័យ ចយ អាយុ៤៧ឆ្នាំ ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅអង្គភាពយោធាស្រុកកំពង់ស្វាយនៃយោធាខេត្តកំពង់ធំ មានជីវភាពលំបាកខ្វះខាត ពុំមានជម្រកស្នាក់នៅមិនសមរម្យ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ផ្ទះមួយខ្នងសម្រាប់រស់នៅ ក្រោយពីបានមរណៈភាព គ្រួសារនេះបានបន្សល់ស្រ្តីមេម៉ាយនិងកូនចំនួន ០២នាក់ ឲ្យនៅកំព្រា ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល និងអង្ករចំនួន ៥០ គីឡូក្រាម មីយើងចំនួន០២កេះ ចូលរួមចំណែកក្នុងពិធីបុណ្យសពអតីតយុទ្ធជន ក្នុងនោះក្រុមគ្រួសារសពនិងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានរៀបចំឲ្យមានគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់ថ្នាក់ ដើម្បីដឹងពីសុខទុក្ខរបស់អតីតយុទ្ធជន ជាក់ស្ដែងដូចជាពេលនេះ អតីតយុទ្ធជនយើងទទួលមរណភាពភ្លាម គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយកប្រាក់បេឡាមរណសង្គ្រោះមកបើកជូនក្នុងពេលដែលកំពុងតែធ្វើបុណ្យសព រួមទាំងបានសហការជាមួយអាជ្ញាធរ ចាត់ចែងធ្វើពិធីបុណ្យសពបានសមរម្យទៀតផង ។
ដោយ ប៊ុន រដ្ឋា





































