អភិបាល ខេត្ត កំពង់ចាម ពន្លឿ ក្នុង ការ ជួសជុល កែលម្អសួនច្បារមាត់ទន្លេ ក្នុង ក្រុង ដែល គម្រោង នេះ សម្រេច បានប្រមាណជា ៥០% ហើយ

0

កំពង់ចាម : ដើម្បី រួមចំណែក ចលនាប្រលងប្រណាំងទីក្រុងស្អាត ក៏ដូចជា ការរក្សា នូវគុណតម្លៃ នៃរំដួល ៣ទង ដែលក្រុងកំពង់ចាម បានទទួលជ័យលាភី នាពេលកន្លងមក ក៏ដូចជា ថែរក្សាដល់ការបាក់ស្រុតដីច្រាំងទន្លេ អាជ្ញាធរ ក៏បានរៀបចំ របាំងការពារ និងគម្រោងកែលម្អសួនច្បារមាត់ទន្លេ ចាប់ពីចំណុច គល់ស្ពានគីស្សុណា ដល់ចំណុច អតីតកំពុងសាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
នៅព្រឹកថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ញែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា រួមដំណើរជាមួយនឹង ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ព្រមទាំង មន្ត្រីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ចើញចុះពិនិត្យ ដំណើរការសាងសង់ គម្រោងខាងលើ ដែលមកដល់បច្ចុប្បន្ន សម្រេចការងារបានប្រមាណជា ៥០%ហើយ ។
គួរកត់សម្គាល់ថា គម្រោងកែលម្អសួនច្បារនេះ បានកសាងឡើង ដើម្បី ថែរក្សាសោភ័ណ្ឌភាពទីក្រុង បន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈ ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់ថវិកា ដើម្បី ជួសជុលច្រាំងមាត់ទន្លេបន្ថែម ទុកជារបាំងការពារដីច្រាំង ក៏ដូចជា ការបញ្ជៀស នូវការបាក់ស្រុតច្រាំងទន្លេ ផងដែរ ។ មួយផ្នែកទៀត ការកសាងសួនច្បារនេះ សម្រាប់ទុកជាកន្លែងសាធារណៈ ដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋយើង ដើរកំសាន្ត និងហាត់ប្រាណ ស្រូបយកខ្យល់អាកាស បរិសុទ្ធពីធម្មជាតិ នៃផ្ទៃទន្លេមេគង្គ ដែលអាចបំបាត់នូវជម្ងឺស្រ្តេសបានមួយផ្នែកផង ព្រមទាំង ផ្ដល់នូវការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត នៅក្រុងកំពង់ចាម ផងដែរ ។
សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម មានបណ្ដោយប្រវែង ២៣២ម៉ែត្រ គុណនឹងទទឹង ២៣ ទៅ ៥៥ម៉ែត្រ ។ គម្រោងនេះ បានដំណើរការសាងសង់ នាចុងឆ្នាំ២០១៨ មក ។ ផ្អែកទៅតាមគំនូសប្លង់បច្ចេកទេស គម្រោង ក៏មានរៀបចំជាសួន ដោយរចនា ជាទីកន្លែង សម្រាប់ដាំដើមឈើ និងដើមផ្កាលម្អ ព្រមទាំង ក្រាលការ៉ូឡា បំពេញនូវសេចក្ដីត្រូវការ របស់អ្នកទទួលផលប្រយោជន៍ ។ មកដល់បច្ចុប្បន្ន គម្រោងកំពុងដំណើការនៅឡើយ ដែលក្រុមជាងកំពុងមមាញឹក ក្នុងកិច្ចការរបស់ខ្លួន និងសម្រេចការងារ បានប្រមាណជា ៥០%ហើយ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បានណែនាំ និងជំរុញដល់ក្រុមការងារការសាងសង់សួនច្បារ តាមដងទន្លេ មេគង្គ ធ្វើយ៉ាងណា ត្រូវ ពន្លឿន ក្នុង ការសាងសង់ ដោយយកចិត្តទុកដាក់បំផុត ពីក្រុមជាង និង មន្ត្រីជំនាញ ប្រកបដោយគុណភាព សោភណភាព ដើម្បី ប្រែក្លាយ តំបន់តាម ផ្លូវ មាត់ទន្លេ ក្នុង ក្រុងកំពង់ចាម ឲ្យ មានទេសភាព មាន ភាពស្រស់ ស្អាត ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្ត ក្នុងខេត្តកាន់តែច្រើនឡេីងផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាល ក៏បានលើកសំណើសុំ ទៅដល់ ឯកឧត្តម ញែម វ៉ាលី ដើម្បី ជួយកសាងបន្ថែម ទៅលើផ្នែកដែលនៅសេសសល់ នៃសួនច្បារច្រាំងទន្លេ ដើម្បី ឲ្យរួចរាល់ជាស្ថាពរ ហើយគ្រោងសម្ពោធដាក់ឲ្យប្រើប្រើប្រាស់ ជាសាធារណៈ ផងដែរ ៕