កំពង់ធំ៖ លោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានដឹកនាំមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ សរុបចំនួន២១នាក់ បន្តទប់ស្កាត់ការុករានដីព្រៃដោយខុសច្បាប់ នៅតំបន់អូរគគី,តំបន់ រោងលោកតាពន្លឺពេជ្រ, តំបន់រោងលោកតាម៉ៅ, និងតំបន់វត្តអូរក្រពើ បានបង្ក្រាបបទល្មើស កាប់ឆា្ករ ដុត រុករានដីព្រៃ និងសាងសង់រោងចាំដីដោយខុសច្បាប់ កាលពីចុងសប្តាហ៍កន្លងមកនេះ។លទ្ធផលនៃកិច្ចប្រតិបត្តិការ ការពារព្រៃធនធានធម្មជាតិ ត្រូវបានធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំដោយ លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ បានធ្វើសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានរឹបអូសរណាយន្តចំនួន០៣គ្រឿង រុះរើដុតកំទេចចោលរោងសង់ចាំយកដីចំនួន០៤កន្លែង ធ្វើកិច្ចសន្យា បញ្ឈប់ការកាប់ពង្រីកថ្មីបន្ថែមចំនួន០៦ករណី ឃាត់ចាប់រទេះគោដឹកឈើជំរៀក ឃា្នប ប្រភេទឈើផ្តៀក ឈើទាល ចំនួន ០៣ រទេះ សរុបឈើ ចំនួន ៣,១៦ម៉ែត្រគូប ឃាត់ចាប់គោយន្តកន្ត្រៃយ៍ដឹកអុសម៉ែត្រស្រស់ ចំនួន០២គ្រឿង និងបានរុះរើដុតកំទេចចោលខ្ទមអ្នកតាចំនួន០២កន្លែង ។លោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅសា្នក់ការបរិស្ថានអូរក្រពើ ចំណែក តំបន់ច្រករបៀងអភិរក្សជីវៈចម្រុះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅព្រៃអង់តែន បានចុះល្បាតនៅតំបន់អូរតាព្រហ្មចំនុច បានបង្ក្រាបបទល្មើសលួចដឹកជញ្ជូនអុសម៉ែត្រស្រស់ និង ក្រាក់ចាំងស្រស់ដោយរឹបអូសគោយន្តកន្ត្រៃយ៍ ចំនួន០៥គ្រឿង វត្ថុតាងបានយកមករក្សាទុកនៅសា្នក់ការអូរតាព្រហ្ម ក្នុងនោះមន្រ្តីរបរិស្ថានទាំងអស់ កំពុងតែបន្តល្បាតយាម ការពារទប់ស្កាត់បន្ថែម ចៀសវាងការលបលួចកាប់ឆ្ការដើម្បីវាទទីយកដីព្រៃរបស់រដ្ឋ ។លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការណែនាំចង្អុលបង្ហាញ របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជម្រុញឲ្យ ទប់ស្កាត់ការពារធនធានធម្មជាតិព្រៃឈើ ដែលជាព្រៃរក្សាទុករបស់រដ្ឋ និងត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត នូវសកម្មភាពរបស់មេខ្យល់ មេក្លោង ឬអ្នកដែលនៅពីក្រោយនៃការ រុករាន្ទកាប់ឆ្កាដីព្រៃឈើរបស់រដ្ឋ ក្នុងនោះក៏ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ប្រជាពលរដ្ឋអាណាធិបតេយ្យ ដែលដើរចាប់ចង់ ដីព្រៃរបស់រដ្ឋ ដើម្បីកាប់ឆ្ការហើយលក់ឲ្យឈ្មួញ ។
ដោយ ប៊ុន រដ្ឋា