កំពង់ធំ៖ មេក្លោងជួញដូរចែកចាយគញរឿងញៀន និងអ្នកប្រើប្រាស់សរុបចំនួន១៥នាក់ ដែលធ្វើសកម្មភាពជួញដូរចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដែលជាលក្ខណៈទ្រង់ទ្រាយធំ ត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបចាប់ពីថ្ងៃទី៩ដល់១០ ខែឧសភា ឆ្នាំ ២០១៩ ត្រូវបានបង្ហាញមុខ ក្នុងសន្និសីទសារព័ត៌មាន នៅស្នងការនគរបាលខេត្តកំពង់ធំថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៩។

ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ក្រាបករណីជួញដូរចែកចាយ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ជាច្រើនករណីផ្ទួនៗគ្នា ដោយមានការសម្របសម្រួលនីតិវិធី ពីលោកអ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ មន្ត្រីនគរបាលជំនាញបានចុះបង្ក្រាបករណីជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យសរុប ១៥នាក់ ក្នុងនោះមានមេក្លោងឈ្មោះចាន់ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅសង្កាត់ស្រយ៉ូវ ក្រុង ស្ទឹងសែន និង មេក្លោងម្នាក់ទៀត ឈ្មោះ វ៉ាន់ ឆេងប៉ាវ ភេទប្រុស សង្កាត់ កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានដកហូតវត្ថុតាងថ្នាំញៀន០៨កញ្ចប់តូចនិង ០១ កញ្ចប់ធំ ។

ដោយឡែកជនសង្ស័យដែលជាមេក្លោងឈ្មោះ វ៉ាន់ ឆេងប៉ាវ ជាមុខសញ្ញាចាស់ ហើយបានប្រើល្បិចកល ធ្វើសកម្មភាពចែកចាយគ្រឿងញៀន ដោយផ្ញើតាមរយ:ម៉ូតូឌុបយកទៅអោយអ្នកប្រើប្រាស់បន្ត ព្រមទាំងប្រើប្រាស់ល្បិច លួងលោមអូសទាញក្មេងៗ ជាអនិតិជន ឲ្យយកថ្នាំញៀនទៅអោយអ្នកប្រើប្រាស់ជាបន្តបន្ទាប់ និងបានអោយកំរ៉ៃទៅក្មេងៗ ចាប់ពី ៥ ពាន់រៀល ទៅ ១ម៉ឺនរៀល តាមថ្នាំញៀនតិចឬច្រើន ហើយពួកគេបានប្រមូលផ្ដុំគ្នាដើម្បីប្រើប្រាស់ និងមានការផ្លាស់ប្តូរទីតាំង និងពេលវេលាជាបន្តបន្ទាប់ ក្រោយមកត្រូវបានសមត្ថកិច្ចបង្ក្រាបបានតែម្ដង។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានប្រសាសន៍ បានយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែមានប្រសាសន៍ ផ្តាំផ្ញើជំរុញអោយយកចិត្តទុកដាក់ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនជាការងាររួម ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថាបើត្រួតពិនិត្យតាមទិន្នន័យបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនិងទិន្នន័យក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ បទល្មើសគ្រឿងញៀន មានការថយចុះ ដោយបានប្រើប្រាស់ជំនាញមានបទពិសោធន៍ រួមផ្សំដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋល្អ តាមមូលដ្ឋាន ទើបសមត្ថកិច្ចឈានទៅបង្ក្រាបករណីខាងលើបានជោគជ័យ បានអនុវត្តផែនការ ដល់អធិការដ្ឋាននគរបាលទាំង ០៨ ក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ ឃុំ សង្កាត់ផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ស្រទាប់មហាជនគ្រប់លំដាប់ថ្នាក់ រួមមានរោងចក្រ គ្រិះស្ថាន សាលារៀន ខារ៉ាអូខេ ក្លឹបកំសាន្ត ទីកន្លែងសប្បាយភាពនានា តំបន់ងាយរងគ្រោះ ក្នុងគោលបំណងបញ្រៀបការយល់ដឹង និងអោយមានចូលរួមក្នុងបង្កាទប់ស្កាត់បទល្មើសគ្រឿងញៀន។
ដោយ ប៊ុន រដ្ឋា






































