ស្ត្រីវ័យជរាម្នាក់ដែលកំពុងមានជម្ងឺប្រចាំកាយ និងក្រលំបាក រស់នៅឯតំបន់ដាច់ស្រយាលមួយ បានទទួលអំណោយថវិកា និងគ្រឿងបរិភោគ ពីប្រធានក្រុមការងារចុះជួយមូលដ្ឋាន ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង !

0

ខេត្តស្ទឹងត្រែង៖ ប្រធានក្រុមការងារចុះជួយឃុំស្រែឬស្សី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានពាំនាំអំណោយសប្បុរសធម៌ ទៅឧបត្ថម្ភដល់ដូនចាស់ជរាម្នាក់ ដែលកំពុងមានជម្ងឺប្រចាំកាយជាច្រើនឆ្នាំ និងមានជីវភាពទីទ័លក្រ រស់នៅក្នុងខ្ទមបែករហែក ក្នុងតំបន់ដាច់ស្រយាលមួយ ពីទីប្រជុំជនខេត្តស្ទឹងត្រែង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
ដូនចាស់ជរានោះ រស់នៅចំណុចនៃតំបន់ជ័រចុង ស្ថិតនៅក្នុងភូមិអន្លុងក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ មានចម្ងាយរាប់សិបគីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង។ ហើយអំណោយ ដែលបាននាំយកទៅឧបត្ថម្ភដល់ស្ត្រីក្រីក្រ និងមានជម្ងឺប្រចាំកាយនាគ្រានោះ មានអង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ៦យួ ត្រីខកំប៉ុង២យួ ទឹកត្រី២យួ ទឹកស៊ីវអ៊ី២យួ សារ៉ុង មុង ភួយ កន្ទេល ថ្នាំពេទ្យ៣មុខ ឃីត១កញ្ចប់ ថវិកា ២០ម៉ឹនរៀល និងថវិការបស់សប្បុរសជន នៅក្នុងមូលដ្ឋាន បានឧបត្ថម្ភបន្ថែមពីលើនេះ សរុប មានជាង១លានរៀល ថែមទៀត ។ ចំណែក លោកគ្រូ អ្នកគ្រូ និងប្រជាការពារ នៅក្នុងមូលដ្ឋាននោះ ក៏ទទួលបានថវិកាមួយចំនួន ពីថ្នាក់ដឹកនាំ ផងដែរ។
ប្រធានក្រុមការងារចុះជួយឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់គ្រួសារស្ត្រីក្រីក្រ និងមានជម្ងឺប្រចាំកាយជាច្រើននោះរួចមក លោកនិងក្រុមការងារកាកបាទក្រហមស្រុក បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន មកផ្តល់ជូនស្ត្រីវ័យជរាម្នាក់នេះ ដែលលោកយាយមាន ឈ្មោះ ហង្ស វ័ន អាយុ៧៥ឆ្នាំ មានកូន និងចៅ៣នាក់រស់នៅជាមួយ នៅក្នុងខ្ទមបែករហែកមួយ នៅមូលដ្ឋានខាងលើនោះ។ ដែលការចុះជួយជនក្រីក្រ និងចាស់ជរានេះ គឺបានអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងដោយទទួលបានការណែនាំ ពីអគ្គមេបញ្ជាកការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នោះផងទៀត។ លោកឧត្តមសេនីយ៍ និងមន្ត្រីការងារក្រោមឧិវាទ រួមទាំងកាកបាទក្រហកម្ពុជា ស្រុកថាឡាបរិវ៉ាត់ បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ យកមកប្រគល់ជូន ដូនចាស់ជរា និងគ្រួសារ ដែលកំពុងរស់ក្នុងជីវភាពលំបាកលំបិនបំផុត ថែមទាំងមានជម្ងឺប្រចាំកាយ មានដូចជា ជម្ងឺដំបៅមហារីកដោះ រលាកប្លោកនោម ឈាមហូរតាមត្រចៀក និជម្ងឺងងឹតភ្នែកជាដើម។ល។ លោកបន្តថា អំណោយទាំងនេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ពីមន្ត្រីរាជការក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងការចូលបរិច្ចាគពីសប្បុរសជនានា ផងដែរ។ ហើយអំណោយទាំងនេះ ថ្វីបើមានចំនួនតិចតួច តែអាចជួយដោះស្រាយពេលកំពុងជួបប្រទះការខ្វះខាតមួយគ្រាដែរ។
គ្រួសារក្រីក្ររបស់លោកយាយ ហង្ស វ័ន បានសម្តែងការរំភើបក្តុកក្តួល និងបានស្រែកទ្រហោរយំ បន្ទាប់ពីប្រធានក្រុមការងារចុះជួយឃុំស្រែឬស្សី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងកាកបាទក្រហមកម្ពុជាស្រុកថាឡាបរិវ៉ាត់ បានចុះជួបសួរសុខទុក្ខ និងបានផ្តល់អំណោយថវិកា និងគ្រឿងឧបភោគ បរិភោគទាំងនេះ មកដល់រូបលោកយាយ និងគ្រួសារនោះមក។ ស្ត្រីចាស់ជរា បាននិយាយថា នៅគ្រាដែលពួកគាត់កំពុងមានជម្ងឺប្រចាំកាយ និងជួបប្រទះការលំបាក តោកយ៉ាកក្នុងជីវភាពរស់នៅ គឺគ្មានបក្សនយោបាយណាមួយ ចេញមុខមកជួយដោះស្រាយ រាល់ទុក្ខលំបាករបស់ពួកគាត់ និងប្រជាពលរដ្ឋឯទៀត ក្រៅពីគណបក្សប្រជាជនកម្ពុជា នោះឡើយ ដូច្នេះ ពួកគាត់នៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ជារៀងរហូត៕

ដោយ ឡុង សំបូរ