ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយក្រុងស្ទឹងសែន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅស្នាក់ការគណបក្សក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីប្រកាសបើកយុទ្ធនាការថ្ងៃនេះ ឯកឧត្តម សុខ លូ បានលើកឡើងថា ដើម្បីធានាការពារឯករាជ្យជាតិ សន្តិភាព និងការបន្តអភិវឌ្ឍនៅកម្ពុជា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះក្នុងរាល់ការបោះឆ្នោត គិតទាំងការបោះឆ្នោតលើកនេះផង សន្លឹកឆ្នោតមួយសន្លឹក មានតម្លៃខ្ពស់ណាស់ ដែលគណបក្សប្រកួត ប្រជែង នៅគ្រប់មណ្ឌលនឹងខិតខំដណ្តើមសំឡេងគាំទ្រ ដើម្បីទទួលបានអសនៈនៅក្នុងក្រុមប្រឹក្សានីមួយៗ យើងមិនអាចធ្វេសប្រហែសបានឡើយ។
សមាជិកក្រុមប្រឹក្សាសង្កាត់ របស់យើងម្នាក់ៗ ត្រូវតែផ្តល់សំឡេងគាំទ្រយ៉ាងច្បាស់ ស្អាត ត្រឹមត្រូវ ជូនគណបក្សប្រជាជនកម្ពុជារបស់យើងចាប់ពីថ្ងៃនេះ តទៅមានរយៈពេល៨ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោត អង្គបោះឆ្នោតទាំងអស់ត្រូវខិតខំថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានល្អ ដើម្បីបំពេញកាតព្វកិច្ចបោះឆ្នោតជូន គណបក្ស ហើយមិនគួរធ្វើដំណើរឆ្ងាយ ឬភ្លេចគិតដល់សុវត្ថិភាព និងសុខភាពទេនោះទេ។
ឯកឧត្ដម សុខ លូ ក៍បានផ្ដាំផ្ញើអង្គបោះឆ្នោតទាំង៤៨ នៃក្រុមប្រឹក្សាសង្កាត់ក្នុងក្រុងស្ទឹងសែនទាំងអស់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះហើយសូមពិនិត្យឡើងវិញនូវឯកសារសម្គាល់ខ្លួនដែលត្រូវកាន់ទៅបោះឆ្នោត និងត្រូវរក្សាទុកឲ្យបានល្អ ងាយរកឃើញ នៅពេលទៅបោះឆ្នោត៕ ដោយ ប៊ុន រដ្ឋា




































