ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង កើតជម្ងឺគ្រុនឈាម បន្តបន្ទាប់គ្នា បន្ទាប់ពីមានភ្លៀងធ្លាក់ នារដូវវស្សានេះ ។ គេឃើញមានកូនក្មេងចាប់ពីអាយុ៣ឆ្នាំរហូតដល់អាយុ២៤ឆ្នាំ បានកើតជម្ងឺនេះ ។ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមអាណាព្យាបាលក្មេងកើតជម្ងឺគ្រុនឈាមទាំងនេះ បានឲ្យដឹងថា៖ប្រជាពលរដ្ឋ នៅតាមទីជនបទភាគច្រើន បើមានកូនឈឺ គឺពួកគាត់ផ្តោតយកទៅតែគ្លីនិកឯកជនតែប៉ុណ្ណោះ មិនបានគិតដល់មណ្ឌលសុខភាពរដ្ឋនោះឡើយ ។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងដែរថា៖លោក ធ្លាប់បានស្នើឲ្យមាតាបីតា និងអាណាព្យាបាលគ្រប់រូបនៅតាមបណ្តារភូមិ.ស្រុកទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺគ្រុនឈាម និងបានណែនាំបន្ថែមទៀតពីការសម្អាតទីធ្លាជុំវិញផ្ទះ ក៏ដូចជាបំបាត់នូវបញ្ហាទឹកដក់តាមថ្លុក សំបកដូង និងនៅតាមសំបកកង់ឡានជាដើមនោះ ដែលមាននៅជុំវិញផ្ទះ ដើម្បីបង្ការកុំឲ្យបង្ករកើតមានជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ជម្ងឺគ្រុនឈាមកើតឡើងដោយ សារមូសខ្លាញីខាំ ដូច្នេះដើម្បីការពារកុំឲ្យកើតជម្ងឺគ្រុនឈាម នោះពេលសម្រាកត្រូវចងមុង ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជានិច្ច ជៀសវាងកើតឡើងនូវជម្ងឺផ្សេងៗ ដល់អ្នកទាំងអស់គ្នា ជាពិសេសកុមារតូចៗ។លោក អ៊ុង សូវៀត បញ្ជាក់បន្ថែមថា៖ចំពោះរោគសញ្ញានៃជម្ងឺគ្រុនឈាម មានដូចជា៖ទ្បើងកម្តៅខ្លាំងភ្លាមៗ និងមានញាក់ ។ ឈឺចាប់ពេញខ្លួនប្រាណយ៉ាងខ្លាំង ឈឺក្បាល និងឈឺបំពង់ក ។ អ្នកជំងឺមានអារម្មណ៍ពិបាកទ្រាំ ។
ក្នុងរយៈពេលបីបួនថ្ងៃ ទើបអ្នកជំងឺមានសភាពធូរស្រាលទ្បើងវិញ ។ បន្ទាប់ពីត្រទ្បប់មករកសភាពដើមវិញ រយៈពេលមួយ ឬពីរថ្ងៃ ដែលភាគច្រើនមានចេញកន្ទួលក្រហមនៅប្រអប់ដៃនិងប្រអប់ជើង ដូចជាស្នាមមូសខាំ ។
ហើយវិធីងាយៗដែលកុំឲ្យកើតជម្ងឺគ្រុនឈាម គឺត្រូវសម្រាកក្នុងមុងកុំឲ្យមូសខាំ ហើយត្រូវសម្អាតទីធ្លាជុំ
វិញផ្ទះ ត្រូវឲ្យស្អាតជានិច្ច ៕




































