ខេត្តស្ទឹងត្រែង៖ បុរសក្រីក្រពិការភ្នែកទាំងសងខាង មានកូន៦នាក់ក្នុងបន្ទុក ត្រូវប្រពន្ធស្លាប់ចោល បានទទួលអំណោយ រួមនិងថវិកាមួយចំនួន ពីមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បន្ទាប់ពីប្រពន្ធស្លាប់ចោលដោយសារផឹកថ្នាំបាញ់ស្បូវ ក្រោយពេលបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
អំណោយសប្បុរសធម៍ដែលចែកជូនបុរសពិការភ្នែកនិងកូនៗ៦នាក់ ត្រូវបានមេបញ្ជាកា ចែកជូននៅរសៀលថ្ងៃទី១៩ឧសភា ម្សិលម៉ិញនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង ។
បុរសពិការភ្នែក ប្រពន្ធស្លាប់ចោលខាងលើនេះ មានឈ្មោះ សុវណ្ណថា អាយុ៤៨ឆ្នាំ រស់នៅចំនុចក្រោយសាលារៀន៤៣ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថា៖ប្រពន្ធគាត់ឈ្មោះ នេត ស៊ីនឿនអាយុ៣៨ឆ្នាំ បានគិតខ្លីផឹកថ្នាំធ្វើអត្តឃាត ព្រោះតែរឿងរកាំរកូសក្នុងគ្រួសារបន្តិចបន្តួច ។ តែជាអកុសលមិនអាចសង្គ្រោះបាន ត្រូវស្លាប់ចោលកូនៗប្រុសស្រីចំនួន៦នាក់ ទុកឲ្យរស់នៅជាមួយឳពុកពិការ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា៖ដោយទទួលដំណឹងថា មានពលរដ្ឋក្រីក្រស្ថិតក្នុងជីវភាពខ្វះខាត ត្រូវប្រពន្ធស្លាប់ទៀតនោះ ដោយមើលឃើញពីការខ្វះខាតនេះ ទើបរូបលោកបានផ្តល់នូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួន រួមនិងសប្បរសជនមួយចំនួនទៀត បានយកទៅជូនបុរសពិការនោះ ដើម្បីជួយសម្រាលបន្ទុកបានមួយផ្នែកដែរ ។
ក្រោយផ្តល់ជូនអំណោយ និងថវិកាសម្រាប់ធ្វើបុណ្យសពហើយនោះ ក្រុមគ្រូពេទ្យក៏បានដឹកជញ្ជូនសព យកទៅប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី ៕





































