កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និង ឯកឧត្ដម ស៊ឹម សុខ ព្រី អនុរដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍន៍ ជនបទ និង ជា អីមាំ ខេត្ត កំពង់ចាម ព្រមទាំង មន្ត្រី ពាក់ព័ន្ធ នាល្ងាច ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ ២០១៩នេះ បាន អញ្ជើញ ចូល រួម ពិសារ អាហារ ស្រាយបួស ជាមួយ បង
ប្អូន សាសនិក ខ្មែរ ឥស្លាម«រ៉ាម៉ាឌន» ប្រមាណ ជា ៥៥០នាក់ នៅ បរិវេណ វិហារ នូរ៉ុលហ៊ូដា ស្ថិត ក្នុង ភូមិ ទី ១៣ ឃុំ កោះសូទិន ស្រុក កោះសូទិន ខេត្ត កំពង់ចាម ។
ឯកឧត្ដម ស៊ឹម សុខ ព្រី អនុរដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍន៍ ជនបទ និង ជា អីមាំ ខេត្ត កំពង់ចាម បាន ថ្លែង អំណរគុណ ចំពោះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ ក៏ ដូចជា ក្រសួងសុខាភិបាល ដែល បានអនុញាតិ ឲ្យ គ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ គឺមានរៀបចំជាកន្លែងថ្វាយបង្គុំ របស់អ្នកជម្ងឺខ្មែរ-ឥស្លាម ដែលទៅសម្រាកព្យាបាលជម្ងឺ ហើយនឹងរៀបចំកន្លែងថ្វាយបង្គុំ នៅតាមសាលារៀនជាបន្តបន្ទាប់ទៀតផង។
ថ្លែង ក្នុង ពិធី នោះ ដែរ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្ត កំពង់ចាម បាន រំលឹក ថា បន្ទាប់ ពី ប្រទេសកម្ពុជាយើង បាន ធ្លាក់ ក្នុង ភ្លើងសង្គ្រាម ជាពិសេសនៅ ជំនាន់ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែល មាន តែ ការ កាប់ សម្លាប់ គឺ គ្មាន សេរីភាពក្នុងការរស់នៅ គោរព ជំនឿ សាសនា ហេីយ ព្រះវិហារ ព្រះពុទ្ធសាសនា និង ព្រះវិហារ ឥស្លាម ក៏ដូចជា ព្រះវិហារ សាសនា ដទៃ ទៀត ត្រូវបានបំផ្លិចបំផ្លាញ ចោល គ្មាន សេសសល់ ដោយ គុណបុណ្យ ថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងមាន ជីវិត រស់រាន ឡើង វិញ ជាមួយ នឹងសិទ្ធិ សេរីភាព និង ការ គោរព តាម ជំនឿ សាសនា ក្រោម ការ ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាបន្តបន្ទាប់ រហូត ដល់ មាន ការ រីកចម្រើន ដូច សព្វថ្ងៃនេះ។
ឯកឧត្ដម អភិបាលខេត្ត បាន ថ្លែង បន្ត ទៀត ថា សុខសន្តិភាពដែលកម្ពុជាកំពុងមាននាពេលនេះ មិនត្រឹមតែផ្ដល់ភាពសុខសាន្តដល់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ គឺបានផ្ដល់ភាពសុខសាន្តដល់គ្រប់សាសនាថែមទៀតផង។ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ យើង ចូល រួម ថែរក្សា នូវសុខសន្តិភាព ដែលយើងទទួលបានមកដោយលំបាក ដោយការលះបង់ ដោយការឈឺចាប់ រាប់មិនអស់នេះ អោយបានគង់វង្ស យូរអង្វែង សម្រាប់យើង និង កូនចៅយើងច្រើនជំនាន់បន្តទៀត។
ជា មួយ គ្នា នោះ ឯកឧត្ដម អភិបាល ខេត្ត ក៏ បាន កោតសរសើរ និងបានថ្លែងអំណរគុណចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសាសនាឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកថែរក្សា នូវសុខសន្តិភាព និងតាមរយៈការអញ្ជើញទៅចូលរួមបោះឆ្នោតកន្លងទៅនេះ ជាពិសេសអរគុណចំពោះការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សា នូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យ រីកចម្រើន បន្ត ទៅមុខទៀត ៕





































