លោកធៀប ដែន ហៅតក់ មេប៉ុស្តិ៍បឹងជ្រោងពង្រាយកូនចៅតាមច្រកចំនួន៣កន្លែងដើម្បីប្រមូលលុយពីឡានដឹកឈើឆ្លងដែនទៅវៀតណាម

0

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពពីស្រុកមេមត់បាន បញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះគេសង្កេតឃើញមានឡានដឹកឈើប្រណីត ឡានដឹកអុសធំៗ និងឡានដឹកឈើប្រភេទលេខ២ បានកំពុងតែសម្រុកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀត ណាមតាមច្រកប៉ុស្តិ៍បឹងជ្រោង ជារៀងរាល់យប់ ក្រោមការឃុបឃិតបើកដៃពីសំណាក់លោក ធៀប ដែន(ហៅតក់) រួមនិងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដែលប្រចាំការនៅតំបន់នោះ ។

ប្រភពបានបន្តឲ្យដឹងថា ប៉ុស្តិ៍បឹងជ្រោង គឺមាន ច្រករបៀងចំនួនពីរផ្សេងទៀតក្រៅពីប៉ុស្តិ៍ធំដែលត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើរប្រណិត ឈើប្រភេទលេខ២ និងដឹកអស់ជារៀងរាល់យប់ឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូនក្រោមការសម្របសម្រួលបើកភ្លើងខៀវពីសំណាក់មន្ត្រីនគរបាលដែលប្រចាំការនៅតំបន់នោះ ។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងដែរថា ច្រកសំខាន់ៗចំនួន៣សម្រាប់ធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមរួមមាន ច្រករបៀងដើមឈើទាល ច្រករបៀងចំការសណ្ដែក និងច្រកប៉ុស្តិ៍ធំ ច្រកទាំង៣នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ធៀម ដែន ហៅតក់ ដែលបានដាក់ពង្រាយកូនចៅតាមច្រកនីមួយៗចាំប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ចូនឈើឆ្លងដែនខុសច្បាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ជាក់ស្ដែងនៅពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តសាំយ៉ុងដឹកឈើប្រណីត រថយន្តកែច្នៃធំៗដឹកអុស និងរថយន្តដឹកឈើប្រភេទឈើលេខ២ គឺបានសម្រុកធ្វើការដឹកជញ្ជូននាំឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងទាំងនេះដោយពុំមានការបង្ក្រាបនិងទប់ស្កាត់នោះឡើយ ។ ផ្ទុយទៅវិញគេឃើញមន្ត្រីនគរបាលដែលប្រចាំការនៅតាមច្រករបៀងនីមួយៗគឺចាំបើកប៉ារាស់អនុញ្ញាតឲ្យរថយន្តទាំងនោះឆ្លងដែនទៅវៀតណាមបានយ៉ាងរលូនផងដែរ ។

ពាក់ព័ន្ធនឹងសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងខាងលើនេះក្រុមការងារបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ធៀប ដែន មេប៉ុស្តិ៍ការពារព្រំដែនដែលគ្រប់គ្រងនៅតំបន់ខាងលើបានបញ្ជាក់យ៉ាងខ្លីថា មិនទាន់បានឆែកមើលផង
ហើយក៍ផ្តាច់ការទំនាក់ទំនងវីញ ។ដោយម៉េង គាង