ខេត្តក្រចេះ៖ សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ត្រូវបានគេប្រទះឃើញមានការដឹក ជញ្ជូនយ៉ាងគគ្រឹកគ្រេង តាមរយះរថយន្តសាំយ៉ុង និងរថយន្តតូចធំ បន្តកន្ទុយគ្នា ដូចគេហែកឋិន ឆ្លងកាត់មុខស្នាក់ការ រដ្ឋបាលព្រៃឈើសង្កាត់រលួស តែពុំត្រូវបានបង្រ្កាបនោះឡើយ ដែលជាហេតុធ្វើឲ្យមានការសង្ស័យថា មេព្រៃសង្កាត់រលួស កំពុងតែក្លាយជាមេខ្មូត ។
តាមប្រភពព័ត៌មាន ពីសំណាក់អ្នកឃ្លាំមើលមន្រ្តីអនុវត្តច្បាប់ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនឈើដោយ ខុសច្បាប់នេះ បានដឹកតាមរថយន្តបង្កុងនិងរថយន្តកែច្នៃ ដឹកចូលមកខេត្តក្រចេះ ឆ្លងកាត់ស្នាក់ការមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរលួស ហើយមកចែកចាយ ដាល់រថយន្តសាំយ៉ុងកែឆ្នៃ សម្រាប់ដឹកទៅតាមគោលដៅផ្សេងៗ តែការឹកជញ្ជូនយ៉ាងកក្រើកមេឃ រញ្ជួយដីនេះ មិនរំខានដល់លោក នាយខណ្ទរដ្ឋបាលព្រៃឈើ ខេត្តក្រចេះបានឡើយ ដែលជាហេតុធ្វើឲ្យមហាជន សង្ស័យថាការដឹកឈើដោយរលូននេះ គឺមានបទបញ្ជា ឲ្យស្នាក់ការរដ្ឋបាលព្រៃឈើរលួស បើកភ្លើងខៀវឲ្យឈ្មួញដឹក ដើម្បីប្រមូលលាភចូលហោប៉ៅផ្ទាល់ខ្លួន។
សេចក្តីរាយការណ៍បាន បញ្ជាក់ថា សកម្មភាពនៃកាដឹកជញ្ជូនឈើ គឺត្រូវបានយកចែកចាយនៅចំណុចស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសាងដាក់រថយន្តសាំយ៉ុងកែច្នៃ ជាច្រើនគ្រឿងដើម្បីយកទៅលក់នៅតាមដេប៉ូនានានៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តកំពង់ចាមជាដើម ចំណែកមន្រ្តីសមត្ថកិច្ច មិនបានទប់ស្កាត់ឬបង្រ្កាប តែបែរជាជួយសម្របសម្រួលអោយក្រុមឈ្មួញជាច្រើន ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង នៅចំណុចស្រែស្បូវ និងបានដឹកឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជាច្រើនកន្លែងផ្សេងទៀត ដែលនៅតាមដងផ្លូវជាតិលេខ៧និងលេខ៧៣ ក្នុងនោះគឺមានរថយន្តរបស់មន្ត្រីជំនាញតាមស្នាក់ការនីមួយៗ នៅប្រចាំការនិងនៅចាំសម្របសម្រួល ដើម្បីឲ្យដំណើរការទៅបានយ៉ាងរលូន។
ប្រជាពលរដ្ឋ ជាច្រើនបាននាំគ្នា រិះគន់ដល់លោក នាយខណ្ទរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ ដែលមានការព្រ ងើយកន្តើយនិងតួនាទីភារកិច្ច អនុវត្តច្បាប់ផ្ទុយពីការស្បត់ស្បែរមុនចូលកាន់តំណែង ប្រាសចាកពីឆន្ទះក្នុង នាមជាមន្រ្តីអភិរក្សព្រៃឈើ តែបែជាយកតួនាទី និងភារកិច្ចមកបំរើឲ្យក្រុមឈ្មួញ ដែលជាឧក្រិដ្ឋជនព្រៃឈើ ទៅវិញ ។
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យលោក លោក វ៉ា ថន ចៅហ្វាយខេត្តក្រចេះ សូមមេត្តាជួយថែរក្សាព្រៃឈើឲ្យបានគង់វង់ផង ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញព្រៃឈើខ្លះ កុំឲ្យព្រៃឈើរលាយហិនហោចក្នុងសម័យរាជការរបស់លោកអភិបាលខេត្តក្រចេះជំនាន់ឆ្នាំ ២០១៩ និងឲ្យមានឈ្មោះថា អ្នកថែរក្សាអភិរក្សព្រៃឈើទៅវិញ ទើបជាការល្អប្រសើរ។ឪដោយ ប៊ុន រដ្ឋា