មហាជនបានរិះគន់លោក រតនា នាយខណ្ទរដ្ឋបាលព្រៃឈើក្រចេះ​ឃុបឃិតសង្កាត់ព្រៃឈើ​រលួសបើកដៃ​ឲ្យឈ្មួញដឹកឈើដោយមិនខ្វល់ពីការបង្រ្កាប

0

ខេត្តក្រចេះ៖ បើទោះបីលោក វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ដាក់បទបញ្ជាឲ្យ លោក រតនា នាយខណ្ទរដ្ឋបាលព្រៃឈើក្រចេះ   និងលោក   ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្ម ចងមុង រួមគ្នាបង្រ្កាបបទល្មើស ការដឹកជញ្ជូនឈើដោយខុសច្បាប់ក៏ដោយ ក៏បទបញ្ជានេះ មិនបានធ្វើឲ្យលោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស មានការខ្លាចញញើតនោះឡើយ ធ្វើឲ្យមានការសង្ស័យថាការដឹកជញ្ជូន​ឈើដោយខុសច្បាប់ ចេញពីស្រុកកោះញ៉ែកនេះ គឺមានការពេញចិត្តពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា បទល្មើសព្រៃឈើ បានបង្កើនល្បឿនយ៉ាងកំហុក ក្នុងការដឹកជញ្ជូន ឈើដោយខុសច្បាប់ ចេញពីស្រុកកោះ​ញ៉ែក តាមរយះរថយន្តសាំយ៉ុង និងរថយន្តតូចធំ បន្តកន្ទុយគ្នា ដូចគេហែកឋិន ឆ្លងកាត់​មុខស្នាក់ការ រដ្ឋបាលព្រៃឈើសង្កាត់រលួស តែពុំបានបង្រ្កាបពីសមត្ថកិច្ចជំនាញ ដែលស្ថិតក្នុងដែនសមត្ថកិច្ចមេព្រៃ ក្រោមការគ្រប់គ្រង់របស់លោក តែ រី ជានាយសង្កាត់ តែផ្ទុយទៅវិញ គេសង្កេតឃើញថា លោក តែ រី ដែល ជានាយសង្កាត់រដ្ឋបាលព្រៃឈើ បានយកតួនាទី ទៅសម្របសម្រួលជាមួយនឹងឈ្មួញដឹកឈើទៅវិញ ។

សេចក្តីរាយការណ៍ ពីសំណាក់អ្នកឃ្លាំមើលមន្រ្តីអនុវត្តច្បាប់ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនឈើដោយ ខុសច្បាប់នេះ ហាក់បីដូចជា ពុំមានការចាប់អារម្មណ៍ ពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះនោះឡើយ ក្នុងឋានៈលោក ជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ តែបែរជាមានភាពកំសោយក្នុងការ ដាក់បទបញ្ជារឲ្យ សមត្ថកិច្ចពាក់ព័ន្ឋ បង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងតែសំរុកដឹក ជញ្ជូនយ៉ាង​កក្រើក​មេឃ រញ្ជួយដីនេះឆ្លងកាត់ស្នាក់​ការមន្ត្រី​ជំនាញរដ្ឋបាលព្រៃឈើរលួស យកចែកចាយនៅ​ចំណុច​ស្រែ​ស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសាងដាក់រថយន្តសាំយ៉ុង​កែច្នៃ​ ជាច្រើនគ្រឿង​យកទៅ​លក់នៅ​តាមដេប៉ូនានានៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តកំពង់ចាមជាដើម។

សេចក្តីរាយការណ៍បាន បញ្ជាក់ថា សកម្មភាពនៃកាដឹកជញ្ជូនឈើ នៅតាមដងផ្លូវជាតិលេខ៧និងលេខ៧៣ គឺមានរថយន្តរបស់​មន្ត្រីជំនាញ​រដ្ឋបាលព្រៃឈើ បញ្ឈនៅតាមស្នាក់ការនីមួយៗ សំកុកចាំរថយន្តដឹកឈើ តែមិនបានទប់ស្កាត់នោះទេ គឺប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យមានការ រិះគន់និងសង្ស័យថា ប្ប្រហែលជាលោក  រតនានាយខណ្ទរដ្ឋបាលព្រៃឈើខេត្តក្រចេះ ដាក់បទបញ្ជាទេដឹង សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ រលួស ព្រងើយកន្តើយនិងតួនាទីភារកិច្ច អនុវត្តច្បាប់ផ្ទុយពីច្បាប់ នាមជាមន្រ្តីអភិរក្សព្រៃឈើ តែបែជាយក​តួនាទី និងភារកិច្ចមកបំរើឲ្យក្រុមឈ្មួញ ដែលជាឧក្រិដ្ឋជនព្រៃឈើទៅវិញ ។

ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដកឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជួយថែរក្សានូវធនធានធម្មជាតិព្រៃឈើផង និងបានសំណូមពរ លោក វែង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់មេត្តាជួយ ក្រលែកមើលលោក  រតនា នាយខណ្ទរដ្ឋបាលព្រៃឈើខេត្តក្រចេះ និង លោក តែ  រី  នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ខណៈមានការសង្ស័យថា កំពុងតែ បើកភ្លើងខៀវឲ្យឈ្មួញដឹកឈើយ៉ាងរលូន ដោយគ្មានការទប់ស្កាត់។  ដោយ ខេមរា ដេលី