មហាជនរិះគន់លោកទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះនិងលោកប៊ួយ រតនា នាយខណ្ទរដ្ឋបាលព្រៃឈើក្រចេះសម្ងំសុខមិនខ្វល់ពីបង្រ្កាបព្រៃឈើ

0

ខេត្តក្រចេះ៖ បើទោះបីលោក វែង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ដាក់បទបញ្ជាឲ្យ លោក ប៊ួយ រតនា នាយខណ្ទរដ្ឋបាលព្រៃឈើក្រចេះ និងលោកប្រធានមន្ទីរកសិកម្ម ចងមុង រួមគ្នាបង្រ្កាប​បទល្មើស ការដឹកជញ្ជូនឈើដោយខុសច្បាប់ក៏ដោយ ក៏បទបញ្ជានេះ មិនបានធ្វើឲ្យលោក តែ រី នាយ​សង្កាត់រដ្ឋបាលព្រៃឈើរលួស មានការខ្លាចញញើតនោះឡើយ ធ្វើឲ្យមានការសង្ស័យថាការដឹកជញ្ជូន​ឈើដោយខុសច្បាប់ ចេញពីស្រុកកោះញ៉ែកនេះ គឺមានការពេញចិត្តពេញថ្លើម ពីលោក វ៉ា ថន អភិបាល​ខេត្តក្រចេះ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា បទល្មើសព្រៃឈើ បានបង្កើនល្បឿនយ៉ាងកំហុក ក្នុងការដឹកជញ្ជូនឈើ​ដោយខុសច្បាប់ ចេញពីស្រុកកោះ​ញ៉ែក តាមរយះរថយន្តសាំយ៉ុង និងរថយន្តតូចធំ បន្តកន្ទុយគ្នា ដូចគេ​ហែកៈឋិន ឆ្លងកាត់​មុខស្នាក់ការរដ្ឋបាលព្រៃឈើសង្កាត់រលួស តែពុំត្រូវបានបង្រ្កាបពីសមត្ថកិច្ចជំនាញ ដែល​ស្ថិតក្នុងដែនសមត្ថកិច្ចមេព្រៃ ក្រោមការគ្រប់គ្រងរបស់លោក តែ រី ដែលជានាយសង្កាត់ តែផ្ទុយទៅវិញ គេសង្កេតឃើញថា លោក តែ រី ដែលជានាយសង្កេត់រដ្ឋបាលព្រៃឈើ បានយកតួនាទី​ជាមេព្រៃ​ទៅសម្រប​សម្រួលជាមួយនឹងឈ្មួញដឹកឈើប្រកបដោយរលូនទៅវិញ ។សេចក្តីរាយការណ៍ ពីសំណាក់អ្នកឃ្លាំមើលមន្រ្តីអនុវត្តច្បាប់ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនឈើដោយ ខុសច្បាប់នេះ ហាក់បីដូចជាគ្មានការចាប់អារម្មណ៍ ទើសចិត្តចង្អៀតទ្រូង ពីសំណាក់លោក វ៉ា ថន អភិបាល​ខេត្តក្រចេះនោះឡើយ ដែលបច្ចុប្បន្នលោក ស្ថិតក្នុងឋានៈ​ជាប្រធានគណបញ្ជាការឯកភាពរដ្ឋ​បាលខេត្ត​ក្រចេះ តែបែរជាមានភាពកំសុយក្នុងការដាក់បទបញ្ជារឲ្យ សមត្ថកិច្ចពាក់ព័ន្ឋ បង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងតែសំរុកដឹក ជញ្ជូនយ៉ាង​កក្រើក​មេឃ រញ្ជួយដីនេះឆ្លងកាត់ស្នាក់​ការមន្ត្រី​ជំនាញរដ្ឋបាលព្រៃឈើ​រលួស យកចែកចាយនៅ​ចំណុច​ស្រែ​ស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសាងដាក់​រថយន្ត​សាំ​យ៉ុង​​​កែច្នៃ​ ជាច្រើនគ្រឿង​យកទៅ​លក់នៅ​តាមដេប៉ូនានានៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តកំពង់ចាម​ជាដើម។

សេចក្តីរាយការណ៍បាន បញ្ជាក់ថា សកម្មភាពនៃកាដឹកជញ្ជូនឈើ នៅតាមដងផ្លូវជាតិលេខ៧និងលេខ៧៣ គឺមានរថយន្តរបស់​មន្ត្រីជំនាញ​រដ្ឋបាលព្រៃឈើ បញ្ឈនៅតាមស្នាក់ការនីមួយៗ សំកុកចាំរថយន្តដឹកឈើ ដើម្បីប្រមូលលាភស្ការៈ តែមិនបានទប់ស្កាត់បង្រ្កាបនោះទេ គឺបានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ឋ ធ្វើឲ្យ​មានការ រិះគន់និងសង្ស័យថា ប្រហែលជា​លោក​ ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ  ដាក់បទបញ្ជា​ឲ្យធ្វើសកម្មភាពព្យុះភ្លៀងទេដឹង ទើបបានជាសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ រលួសមានការ ព្រងើយ​កន្តើយ​និងតួនាទីភារកិច្ច ក្នុងការអនុវត្តផ្ទុយពីច្បាប់ ក្នុងនាមជាមន្រ្តីអភិរក្សព្រៃឈើ តែបែជាយក​តួនាទី និងភារកិច្ចមកបំរើឲ្យក្រុមឈ្មួញ ដែលជាឧក្រិដ្ឋជនព្រៃឈើទៅវិញ ។

ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដកឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ជួយថែរក្សានូវធនធានធម្មជាតិព្រៃឈើផង និងបានសំណូមពរ លោក វែង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់មេត្តាជួយ ក្រលែកមើលលោក ទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទខេត្តក្រចេះ និងលោក ប៊ួយ រតនា នាយខណ្ទរដ្ឋបាលព្រៃ​ឈើខេត្ត​ក្រចេះ លោក តែ រី ជានាយសង្កាត់​ព្រៃឈើរលួស ខណៈពេលដែលមានការសង្ស័យថា កំពុងតែបើកភ្លើងខៀវឲ្យឈ្មួញដឹកឈើយ៉ាងរលូន ដោយគ្មានការទប់ស្កាត់។ដោយ ខេមរា ដេលី