សេវាពេទ្យរដ្ឋ នៅតែនិយមបើទោះបីជាពេទ្យឯកជនមានច្រើន ហើយអ្នកខ្លះចេញទៅក្រៅប្រទេស

0

បន្ទាយមានជ័យ : ពលរដ្ឋនៅតែនិយមសេវាពេទ្យរដ្ឋក្នុងស្រុក បើទោះបីជាពេទ្យឯកជនមានច្រើន ហើយអ្នកខ្លះចេញទៅពិនិត្យព្យបាលនៅក្រៅប្រទេសក្តី ។នោះមកពី ពេទ្យរដ្ឋមានកន្លែងធំ ឧបករណ័សម្ភារ:ថ្នាំសង្កូវនិងគ្រូពេទ្យមានច្រើនគួរសមដែរ ។ពលរដ្ឋជាអ្នកជម្ងឺមកពីភួមិ សង្កាត់មួយចំនួននៃក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី២៧ខែឧសភាថា : ពួកគាត់ធ្លាប់មកទទួលការពិគ្រោះ ពិនិត្យ ទទួលឱសថនិងការព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋហើយបានកាក់កប ជាជម្ងឺ ហើយមានសុខភាពល្អឡើងវិញ។

ហេតុនេះហើយ បានជាមកទល់ឥឡូវនេះ ក៏បន្តមកពេទ្យរដ្ឋទៀត ។ហើយសម្រាប់ជម្ងឺធម្មតាក៏មិនទៅពេទ្យឯកជនឬទៅពេទ្យក្រៅប្រទេសឡើយ។អ្នកមីងអ្នកជម្ងឺម្នាក់មកពីសង្កាត់ព្រះពន្លាដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា : អ្នកស្រីមានជម្ងឺធ្លាក់ស ឈឺក្រពះ ហើយពិសារថ្នាំច្រើនបានជាសះស្បើយ ហើយទៅជារលាកក្រពះនោះ មានការលំបាកជីវភាព តែមេភូមិមិនព្រមចេញប័ណ្ណក្រីក្រអោយនោះ ទីបំផុតបានអង្គការនិងមន្ទិរពេទ្យបង្អែកក្រុងសិរីសោភ័ណផ្តល់អោយ ។អ្នកស្រីមកទទួលការពិនិត្យព្យាបាលនៅទីនេះ៦ឆ្នាំមកហើយ ។
អ្នកមីង :គ្រូពេទ្យមិនធុញទ្រាន់នឹងអ្នកមីងទេ ប៉ុន្តែពួកគេមានតែអាណិតនិងយកចិត្តទុកដាក់ពិនិត្យព្យាបាលជម្ងឺរបស់អ្នកស្រីដូចអ្នកជម្ងឺដទៃទៀត ។គឺមកយប់ទទួលយប់ មកថ្ងៃទទួលថ្ងៃ មិនច្រានចេញទៅវិញទេ។
អ្នកស្រីឃ្លោក ស្ថាពរ នាយអគារពិគ្រោះជម្ងឺក្រៅនិងជាប្រធានគ្រប់គ្រងគិលានុបដ្ឋាកនៃមន្ទិរពេទ្យបង្អែកក្រុងសិរីសោភ័ណប្រាប់ថា: មន្ទិរពេទ្យថ្នាក់ខេត្តកម្រឹត១នេះ មានផ្នែកសេវាទទួលពិគ្រោះ ពិនិត្យ បែងចែកអ្នកជម្ងឺ ,ផ្នែកសង្គ្រោះបន្ទាន់,ផ្នែកពិនិត្យព្យបាល ធ្វើតេស្តឈាម ,ផ្នែកសម្ភព. ,ផ្នែកជម្ងឺកុមារ , ផ្នែកជម្ងឺឱកាសនិយម(របេង អេដស៍ ) ,ផ្នែកថត ឆ្លុះ ,ផ្នែកអេកូ ជាដើម។
អ្នកស្រីបានបន្តថា : ជាមធ្យមក្នុង១ថ្ងៃៗ ក្នុងថ្ងៃធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ មានអ្នកមកពិគ្រោះ ពិនិត្យជម្ងឺនិងទទួលសេវានៅកន្លែងបំពេញទម្រង់់បែបបទដំបូង(ឬទ្រីយ៉ាត) ពី៧០ទៅ៨០នាក់ ។អំពីមូលហេតុដែលអ្នកជម្ងឺនៅតែនិយមមកទទួលសេវាសុខាភិបាលនៅមន្ទិរពេទ្យរដ្ឋនេះ អ្នកស្រីឃ្លោក ស្ថាពរ បាននិយាយថា : អាចមកពីទី១- មានពេទ្យតាមជំនាញ ហើយបានធ្វើបច្ចុប្បន្នភាពចំណេះជំនាញខ្លួន ។ ទី២- ពេទ្យមានឧបករណ៍ សម្ភារ: ថ្នាំសង្កូវសមល្មមដែរនិងទី៣-តួអង្គពេទ្យម្នាក់ៗ ក៏មានឥរិយាបថសមស្រប ហើយទទួល ផ្តល់សេវាជូនអ្នកជម្ងឺដោយមិនត្អូញត្អែរ មិនគិតថាថ្ងៃឬយប់។ ល។ ដោយ៖ឃិន គន្ធា