ខេត្តក្រចេះ៖ សកម្មភាពដឹកជញ្ជូនឈើប្រណិត ដោយខុសច្បាប់នៅក្នុងស្រុកស្នួល ទៅលក់ឲ្យប្រទេសវៀត ណាម ប្រកបដោយរលូន គឺត្រូវបានគេសង្កេតឃើញថា ក្បួនដឹកជញ្ជូនឈើនៅចន្លោះម៉ោង១១យប់រហូតទល់ភ្លឺ ដែលជាចេតនាបើកភ្លើងខៀវពីសំណាក់លោក ជា បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង គ្រប់គ្រងស្រុកស្នួល និងស្រុកឆ្លូង ។ពលរដ្ឋបានរិះគន់ថា បើទោះបីជាមានការទប់ស្កាត់ ការពារដឹកជញ្ជូនឈើដោយខុសច្បាប់ ពីសំណាក់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្តី ក៏លោក ជា បញ្ញា ដែលមានតួនាទីជា នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង នៅតែបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនដោយរលូន ដោយពុំមានការខ្លាចញញើតសម្បីតែបន្តិច ដែល ចាហេតុធ្វើឲ្យមានការសង្ស័យពីសំណាក់ប្រជាពលរដ្ឋថា ប្រហែលជាមានការឃុបឃិតគ្នា ជាមួយនិងលោក នួន ពៅរតនា នាយខណ្ទស្តីទីរដ្ឋបាលព្រៃឈើក្រចេះ។ជាក់ស្តែងរាត្រីយប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ សកម្មភាពដឹកជញ្ជូន បទល្មើសព្រៃឈើ គឺត្រូវបានគេសង្កេតឃើញថា មានការដឹកជញ្ជូនតាមរថយន្តសាំយ៉ុង រ៉ឺម៉ក និង ម៉ូតូ ចេញពីស្រុកស្នួល និង ស្រុកកែវស៊ីម៉ា ទៅប្រមូលផ្តុំនៅជិតព្រំដែលកម្ពុជា វៀតណាម ដើម្បីត្រៀមដឹកឆ្លងព្រំដែនវៀតណាម ក្នុងនោះក៏មានសមត្ថកិច្ចជាច្រើនស្ថាប័ន ទាំងស្របច្បាប់ និងខុសច្បាប់ រងចាំហែរហមរថយន្តដឹកឈើ ដើម្បីទាមទារភាគហ៊ុន ។ប្រភពព័ត៌មាន បានបញ្ជាក់ថា ចាប់តាំងពី លោក នួន ពៅរតនា បានឡើងជា នាយខណ្ទរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ គឺបទល្មើសមានការកើនឡើងជាលំដាប់ និងពុំមានតម្រុយណាមួយបញ្ជាក់ថាថយចុះនោះឡើយ ដោយសារតែ មានការដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេង ទៅត្បូងឃ្មុំ និងដឹកមកស្រុកស្នួល តាមរយះរថយន្តតូចធំ ទៅឆ្លងដែនផង និងចែកចាយតាមដេប៉ូឈើនានា ។មហាជនបានសំណូមពរ ឲ្យលោក វ៉ា ថន អភិបាលខេត្តក្រចេះ មេត្តាចាត់វិធានការបង្រ្កាប ការដឹកជញ្ជូន បទល្មើសព្រៃឈើ ដោយខុសច្បាប់ នៅក្នុងស្រុកស្នួល ឆ្លងដែនទៅប្រទេសវៀតណាម ដោយសារតែល្បិច កលរបស់ឈ្មួញ បានឃុបឃិតជាមួយនឹងជំនាញបិទពេលថ្ងៃ បើកពេលយប់ និងជួបគ្នានៅពេលព្រឹករវាង ឈ្មួញនិងជំនាញ បើល្បិចទាំងនេះ លោកអភិបាល នៅតែបណ្តែតបណ្តោយឲ្យរក្សាប្រពៃណីដូចដើម ព្រៃឈើនិងរលាយហិនហោចមិនខានឡើយ ។ ដោយ ប៊ុន រដ្ឋា