កម្ពុជា-វៀតណាម ប្រគល់ទទួល និងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥

0

ព្រះវិហារ: រដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ បានរៀបចំពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ។

ពិធីនេះស្ថិតក្រោមវត្តមានឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកជំទាវ ហ្វិញ នឺធូណា តំណាងប្រតិភូខេត្តយ៉ាឡាយ ប្រទេសវៀតណាម និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះគឺជាលើកទី១៥ហើយ ដែលខេត្តព្រះវិហារកម្ពុជា និងខេត្តយ៉ាឡាយវៀតណាម បានសហការធ្វើពិធីប្រគល់ ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម លើភូមិសាស្ត្រខេត្តធ្វើមាតុភូមិនិវត្តន៍សរុបចំនួន៤៩៨អដិ្ឋធាតុ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ឯកឧត្តម សូមសំដែងការសោកស្តាយ ចំពោះយុទ្ធជន យុទ្ធនារី កម្មាភិបាល នៃវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានលើមាតុភូមិកម្ពុជា និងចូលរួមរំលែកនូវមហាទុក្ខសោកនេះ ជាមួយប្រជាជាតិ និងប្រជាជនវៀតណាម។

អភិបាលខេត្ត បានថ្លែងទៀតថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការរុករកអដិ្ឋធាតុនេះ បានធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរនិយាយរួម ដោយឡែក កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ ទោះបីខេត្តទាំងពីរ ពុំមានព្រំប្រទល់ជាមួយគ្នា ក៏ដោយតែកិច្ចការទំនាក់ទំនង និងសហប្រតិបត្តិការគ្នាបានល្អប្រសើរ អាចឈានដល់ការចងសម្ព័ន្ធមេត្រីភាព និងគ្នាទៀតផង៕សួនលីណា