អភិបាលខេត្ត  ណែនាំ ដល់មន្ត្រី សុខាភិបាល និង អជ្ញាធរ  អនុវត្តន៍ គោលនយោបាយគាំពារសង្គម លើ ស្ត្រីក្រីក្រ មានផ្ទៃពោះ 

0

កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បានថ្លែង ណែនាំ ដល់មន្ត្រី សុខាភិបាល និង អជ្ញាធរក្រុងស្រុក ទាំង១០ ត្រូវ អនុវត្តន៍ គោលនយោបាយគាំពារសង្គម លើ ស្ត្រីក្រីក្រ មានផ្ទៃពោះ ឲ្យ មាន ប្រសិទ្ធភាព ព្រោះ រាជរដ្ឋាភិបាល សម្រេច ផ្ដល់ កញ្ចប់ ថវិកា ក្នុង ការ ថែទាំ សុខុមាលភាព ចាប់ពីថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះតទៅ។ ការ ថ្លែង ជុំរុញ យ៉ាង ដូច្នេះ ក្នុង អង្គ សិក្ខាសាលា ផ្សព្វផ្សាយ ការ លើក កំពស់ សុខភាព ដេីម្បី លុបបំបាត់ ភាព ពិការ ភ្នែក ដោយ សារ ភ្នែក ឡើង បាយ ដែល រៀបចំ ឡើង ដោយ មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម ។

ថ្លែង ក្នុង ពិធី នោះ ដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន លេីក ឡើង ថា ដោយ យោង តាម សេចក្តី ប្រកាស របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង សុខាភិបាល ក្នុង ការ លេីក កម្ពស់ សុខុមាលភាព មាតានិងទារក ព្រមទាំង ចូលរួម ចំណែក កាត់បន្ថយអត្រា ឈឺ និង ស្លាប់ របស់ មាតា និង ទារក និង កង្វះ អាហារូបត្ថម្ភ របស់ កុមារ ក្នុង គ្រួសារ ក្រីក្រ ចាប់តាំងពី កូន ក្នុង ផ្ទៃ រហូតដល់ អាយុ ២ឆ្នាំ និង ជំរុញ ការ លូតលាស់ ទាំង កាយសម្បទា និង បញ្ញា ស្មារតី ស្របតាម យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៤ របស់ រាជរដ្ឋាភិបាល ។ កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូន ស្ត្រី មាន ផ្ទៃពោះ និង កូន អាយុ ក្រោម ២ឆ្នាំ នៃ គ្រួសារ ដែល មាន ប័ណ្ណ សមធម៌ ឬ ប័ណ្ណ អាទិភាព នឹង អនុវត្ត ចាប់ ពី ថ្ងៃ ទី ០១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះតទៅ ។
ឯកឧត្តម អភិបាលខេត្ត បាន ថ្លែង បន្ត ថា ដើម្បី ឲ្យ ការ អនុវត្ត កម្មវិធី នេះ ដំណើរការ ដោយ រលូន មាន ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យ ភាព គឺស្ត្រី ក្រីក្រ មាន ផ្ទៃពោះ មក ទទួល សេវា ថែទាំ សុខភាព និង កូន អាយុ ក្រោម ២ឆ្នាំ ត្រូវ មាន ប័ណ្ណ សមធម៌ ឬ ប័ណ្ណ អាទិភាព ។ ហើយ ការ កំណត់ អត្តសញ្ញាណ ស្ត្រី ក្រីក្រ មាន ផ្ទៃពោះ ដេីម្បី ទទួល បាន ប័ណ្ណ អាទិភាព ត្រូវ អនុវត្ត ដូច កម្មវិធី មូលនិធិ សមធម៌ សម្រាប់ ប្រជាពលរដ្ឋ ក្រីក្រ ។ ត្រូវ អនុញ្ញាតិ ឲ្យ មណ្ឌល សុខភាព អាច វាយតម្លៃ និង កំណត់ អត្តសញ្ញាណ ចំពោះ ស្ត្រី ក្រីក្រ មាន ផ្ទៃពោះ ដេីម្បី ផ្តល់ ជូន ប័ណ្ណ អាទិភាព ដោយ អនុវត្ត តាម យន្តការ និង ឧបករណ៍ វាយតម្លៃ ដូច កម្មវិធី មូលនិធិ សមធម៌ សម្រាប់ ប្រជាពលរដ្ឋ ក្រីក្រ នៅ មន្ទីរ ពេទ្យ បង្អែក ក្នុង នោះ គណៈកម្មការ កំណត់ អត្តសញ្ញាណ ស្ត្រី ក្រីក្រ មាន ផ្ទៃពោះ របស់ មណ្ឌល សុខភាព ត្រូវ ចាត់តាំង ដោយ ប្រធាន ការិយាល័យ សុខាភិបាល ស្រុក ប្រតិបត្តិ ដែល មាន សមាសភាព យ៉ាង តិច ៣រូប ដឹកនាំ ដោយ ប្រធាន មណ្ឌល សុខភាព និង មន្ត្រី ក្រោម ឱវាទ ប័ណ្ណ អាទិភាព និមួយៗ របស់ ស្ត្រី ក្រីក្រ មាន ផ្ទៃពោះ ដែល ផ្ដល់ ដោយ មណ្ឌល សុខភាព គឺ មាន សុពលភាព រហូត ដល់ កូន មាន អាយុ ២ឆ្នាំ ៕