សៀមរាបៈទីតាំងស្តុកឈើប្រណិតៗដោយខុសច្បាប់ ដែលឈានដល់ការឃាត់ខ្លួនឈ្មួញប្រុសស្រីពីរនាក់ នៅក្នុងក្រុមទី ១១ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៤។ ក្រោមការ ដឹកនាំរបស់ លោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអម
សាលាដំបូងខេត្ត លោកឯម មុន្នី នាយរងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នឹងមន្ត្រីកងកម្លាំងប៉ូលិសជាច្រើននាក់ទៀត។ប៉ុន្តែបាន របូតជនសង្ស័យពីរនាក់ ចេញពីក្នុងដៃ ពេលបង្ក្រាបទីតាំងស្តុកឈើ ដែលឈានទៅដល់ការឃាត់ខ្លួននោះ។ ប្រតិបត្តិការដំបូង ខណៈឈ្មួញព្យាយាមជម្លៀសឈើចេញពីទីតាំង និងប្រើពាក្យពេជ្រអសីលធម៏ទៅរក សមត្ថកិច្ច តំណាងអយ្យការបានបញ្ជាឲ្យឃាត់ខ្លួន ទោះបីឈ្មួញប្រុសស្រីពីរនាក់ បានព្យាយាមរត់គេចទៅជ្រកពួននៅផ្ទះ ផ្សេងមួយទៀតក៏ដោយ។
ក្រោយធ្វើកំណត់ហេតុឆែកឆេ និងឃាត់ខ្លួនឈ្មួញប្រុសស្រីពីរនាក់ប្រគល់ឲ្យប៉ូលិស ហើយ សមត្ថកិច្ចបានឆែកបន្ទប់ស្នាក់នៅចំនួនបី រកឃើញឈើប្រណិតជាច្រើនទៀត។ ការរឹបអូសមានបីប្រភេទ គឺ បេង នាងនួន នឹងធ្នង់ ហើយនៅជំហ៊ានដំបូងគេសន្និដ្ឋានថា អាចជិត១០ម៉ែត្រគូប សរុបទាំងពីរកន្លែងក្បែរគ្នា ពេលនេះយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើបន្ទាយស្រី។ មុនពេលមេព្រៃដឹកឈើចាកចេញពីកន្លែងកើតហេតុ តំណាងអាយ្យកាបានបញ្ជាក់ថា ក្រៅពីរឹបអូសឈើ ទាំងនេះនិងដកហូតរថយន្តពីរគ្រឿង យើងសម្រេចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ពីរនាក់យកទៅសាកសួរ ដើម្បីស្រាវជ្រាវរកជនដែលជាប់ពាក់ពន្ធ័និងបទល្មើសនេះជាបន្តទៀត។ ប៉ុន្តែតំណាងអាយ្យកា ហាក់មានការ សោកស្តាយ នៅពេលបញ្ជាប៉ូលិសឲ្យនាំខ្លួនជនសង្ស័យចូលឡានដឹកយកទៅសាកសួរ ក្រុមប៉ូលិសមួយហ្វូងធំ បែជាស្តីបន្ទោសឲ្យគ្នាហើយឆ្លើយថា ជនសង្ស័យរត់បាត់ទៅហើយ។ ទោះបីប៉ូលិសខ្លះខំដើររុករកតាមក្រោយផ្ទះ និងតាមបន្ទប់ តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រម៉ោល។
ក្នុងនោះដែរ ឈ្មួញឈើជើងខ្លាំងបង្ហាញភាពខ្លាហាន គម្រាមយកសាំងមកចាក់ដុតបំផ្លាញឈើ នៅចំពោះមុខសមត្ថកិច្ច ក្រោយគម្រាមរួចរត់ទៅពួនឯផ្ទះផ្សេង តែគេក្របួចបាន បែជាចុងក្រោយរួចខ្លួនទៅវិញ ទាំងអ្នកនៅក្បែរនោះ ទាំងមហាជនដែលធ្វើដំណើរឆ្លងកាត់ បានឈប់ចោមរោមមើលយ៉ាងកកកុញ។ អ្នកខ្លះ របូតមាត់ថា សមត្ថកិច្ចបើឈរតម្រៀបគ្នាពទ្ធ័ជុំវិញរបងផ្ទះកន្លះម៉ែត្រមួយក៏នៅមិនទាន់អស់គ្នាផង។ ផ្ទុយទៅវិញ ត្រឹមតែជនសង្ស័យពីរនាក់ ដែលបានចាប់គ្រៀកបណ្តើរយកមកឲ្យអង្កុយមួយកន្លែងហើយ បែជារបូតទៅវិញគ្មាន នណាម្នាក់ដឹង។
សមត្ថកិច្ចនិយាយថា ការចាប់ឈើនៅសៀមរាបកន្លងទៅ មិនដែលចាប់ខ្លួនមនុស្សទេ ស្ទើតែមានពេលខ្លះឡានដឹកបទល្មើសដែលបានរឹបអូស មិនបានប៉ុន្មានផងឃើញគេយកទៅដឹកឈើវិញដដែល ចឹងការបង្ក្រាបបទល្មើសឈើ ទ្រង់ទ្រាយធំរហូតមានការឃាត់ខ្លួនឈ្មួញម្តងនេះ ក៏ជាការព្រមានដល់ជនបំផ្លាញ ព្រៃឈើនៅខេត្តសៀមរាប ជាច្រើននាក់ទៀតផងដែរ។ តែគួរឲ្យស្តាយលទ្ធផល ដែលទទួលបាន១០០ភាករយ នៅក្នុងដៃហើយ បែជារបូតទៅវិញ។
យ៉ាងណាក៏ដោយស្ត្រីឈ្មួញឈើ ពេលគ្រៀកឲ្យអង្គុយមួយកន្លែង មុនពេលរបូតចេញពីដៃប៉ូលិស បាន និយាយថា គាត់រកស៊ីយូហើយ គាត់បង់លុយគ្មានសល់នណាម្នាក់ទេ ឲ្យតែសមត្ថកិច្ចដែលឈរលើដងផ្លូវ តែថ្ងៃ នេះគ្រាន់តែភ្លេចបង់ម្នាក់គេតាមមកចាប់ដល់ផ្ទះ។ នេះជាការពិត បើខ្ញុំទើបរកស៊ី មិនដែលស្គាល់និងបង់លុយ ដល់សមត្ថកិច្ច ស្មានថាមានឈើស្តុកទុកច្រើនយ៉ាងនេះអី..?។ ជាលទ្ធផលនៅរសៀលថ្ងៃដដែល សមត្ថកិច្ចបានរឹបអូសឈើប្រណិត ប្រមាណជិត១០ម៉ែត្រគូប ឡាន កាមរីចំនួនពីរគ្រឿង ចំណែកឯជនសង្ស័យជាឈ្មួញឈើ ដែលតាមចាប់បាន គឺរបូតបាត់ទៅហើយ៕