ប្រជុំឯកភាពពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ឡាវ

0

ព្រះវិហារ: គណៈប្រតិភូជាន់ខ្ពស់ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុនថន ឌីវិសៃ អភិបាលខេត្តចំប៉ាសាក់ បានអញ្ជើញបំពេញទស្សនកិច្ចជាមិត្ត និងផ្លូវការ ដើម្បីចូលរួមកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការរវៀងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវឯកភាពរួមគ្នាលើកំណត់ហេតុលើកទី៨ស្តីពី«កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ»។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ដែលរៀបចំឡើងនៅសាលាខេត្តព្រះវិហារ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តមបណ្ឌិត ប៊ុនថន ឌីវិសៃ អភិបាលខេត្តចំប៉ាសាក់ ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនាឱកាសនេះ កើតចេញពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំមកនូវសន្តិភាព និងកិច្ចសប្រតិបត្តិជាមួយប្រទេសជិតខាង ជាពិសេសរវាងខេត្តនៅតាមបណ្តោយព្រំដែន។

លើសពីនោះយោងតាមខ្លឹមសារនៃកំណត់ឯកភាពរួមគ្នា គឺពិតជាមានសារសំខាន់ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំង ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។

ជាមួយគ្នានៅឯកឧត្តមអភិបាលខេត្តទាំងពីរ បានឯកភាពរួមគ្នា លើកំណត់ហេតុលើកទី០៨ ដោយផ្តោតសំខាន់លើទី១៖ កិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀត លើការងាររក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងបង្ការទប់ស្កាត់បង្រ្កាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន និងទី២៖ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការសហការរួមគ្នាលើវិស័យពាណិជ្ជកម្ម ធនធានទឹក កសិកម្ម ទេសចរណ៍ រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន វប្បធម៌ សុខាភិបាលផងដែរ៕សួនលីណា