អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៩គ្រួសារ នៅស្រុកកងមាស

0

កំពង់ចាម​: ដេីម្បី​រួមចំណែកនូវអំពើមនុស្សធម៌ ទៅតាមគោលការណ៍គ្រឹះ របស់កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំប្រតិភូ នាំអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ រលំ ទ្រេត និងប៉ើងដំបូលផ្ទះ ចំនួន ៧៩គ្រួសារ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
នាឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដោយការចូលរួមសម្ដែងនូវការសោកស្ដាយ និងរំលែកនូវទុក្ខលំបាក ចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបង្កឡើងដោយកត្តាធម្មជាតិ និងប៉ះពាល់លំនៅដ្ឋានរបស់បងប្អូននោះ ។ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា ជាការពិតណាស់ បច្ចុប្បន្ន ប្រទេសជាតិកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែ នៅពេលដែលបងប្អូន ទទួលរងគ្រោះដោយប្រការផ្សេងៗ គឺមិនអាចចេញទៅប្រកបមុខរបរបានភ្លាមៗនោះទេ ជាពិសេស ពេលនេះ បងប្អូនកំពុងទទួលរងគ្រោះដោយសារធម្មជាតិ ធ្វើឲ្យប៉ះពាល់ ខូចខាត ផ្ទះសម្បែង និងត្រូវការពេលវេលា និងថវិកា ដើម្បី ជួសជុលឡើងវិញ ។ ហេតុដូច្នេះហើយ ជារឿយៗ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានណែនាំ ដល់រដ្ឋអំណាចក្នុងមូលដ្ឋាន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ជួយពិនិត្យមើល បងប្អូនប្រជាពលរដ្ឋណា ជួបគ្រោះថ្នាក់ និងត្រូវចុះជួយជ្រោមជ្រែងគ្នា តាមលទ្ធភាព ដើម្បី ឲ្យបងប្អូនមានឱកាសបានស្ដារនូវអ្វី ដែលបានប៉ះពាល់ឡើងវិញ ពោលគឺ ជួយដោះទាល់របស់បងប្អូន ដែលកំពុងជួបប្រទះនូវការលំបាក ឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យនណាម្នាក់ រងគ្រោះដល់ស្លាប់ ដោយសារអត់បាយ នោះឡើយ ។
ស្ថិតក្នុងឝាសនោះ ឯកឧត្ដម គួច ចំរើន ក៏បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង ៧៩គ្រួសារ ក្នុងនោះ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១ លានរៀល ។ ចំណែក គ្រួសាររងគ្រោះមធ្យមមានចំនួន ១២គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ១០ កំប៉ុង ថវិកា ៣០ម៉ឺនរៀល ។ ដោយឡែក គ្រួសាររងគ្រោះស្រាល ចំនួន ៦៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១០ម៉ឺនរៀល ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ មានខ្យល់កន្ត្រាក់ បានបោកបក់បណ្ដាលឲ្យប៉ះពាល់ផ្ទះ រលំ ទ្រេត និងប៉ើងតំបូលផ្ទះ បស់ប្រជាពលរដ្ឋចំនួន ៧៩ខ្នងផ្ទះ តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ។ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់មួយចំនួន ក៏បានម្ចាស់ការ ក្នុងការសាងសង់លំនៅដ្ឋានរបស់ខ្លួន សារជាថ្មីឡើងវិញ ផងដែរ ៕