កំពង់ចាម : ឯកឧត្ដម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណេីរ ឯកឧត្ដម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញ ចូល រួម ប្រារព្ធ ពិធី អបអរ សាទរ ខូប លេីក ទី ៧០ ទិវា កុមារអន្តរជាតិ ១មិថុនា ដែល បាន ធ្វើឡើង នាព្រឹក ថ្ងៃ ទី ៣១ ខែឧសភា ឆ្នាំ ២០១៩ នៅ វិទ្យាល័យ អប់រំ ពិសេស ខេត្ត កំពង់ចាម ស្ថិតនៅ ក្នុង ភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម តំណាង រាស្ត្រ លោកជំទាវ លោក លោកស្រី សិស្សានុសិស្សគរថ្លង់ កុមារកំព្រារ បងប្អូនប្រជាពលរដ្ឋក្រីក្រ ជាច្រើន អ្នក ផង ដែរ ។
ឯកឧត្តម គួច ចំរើន បាន ថ្លែង ថា កម្ពុជា ធ្លាប់ទទួលនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបប ប្រល័យពូជសាសន៍ ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនរាប់លាននាក់ និងបំផ្លិចបំផ្លាញសង្គមជាតិ ខ្ទេច ខ្ទី ដល់ឫសគល់ ក្នុងនោះកុមារក៏ត្រូវទទួលរងការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឲ្យធ្វើការងារជាទម្ងន់ និងការបង្អត់អាហារ ដែលជាហេតុធ្វើឲ្យកុមាររស់នៅយ៉ាងលំបាកវេទនាបំផុត។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកុមារនៅកម្ពុជា ត្រូវបាន ការពារលើកតម្កើង ដូច ដែល មានចែងយ៉ាងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញ និងបានស្តែងចេញតាមរយៈ គោល នយោបាយ និងយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជារៀងរាល់ឆ្នាំ នៅទូទាំងពិភព ក៏ដូចជា ប្រទេសកម្ពុជាយើង តែងតែបានប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ស្របតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញា របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ អនុសញ្ញាលេខ ១៨២ របស់អង្គការអន្តរជាតិស្តីពីការ ហាមប្រាម សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋាន ជាតិ អន្តរជាតិស្តីពីសិទ្ធិកុមារផ្សេងៗទៀត។
កុមារ គឺជាអ្នកបន្តវេនប្រទេសជាតិ ដូចពាក្យស្លោកមួយពោលថា «កុមារគឺជាទំពាំងស្នងប្ញស្សី» ហេតុនេះ ហើយ កុមារត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ។ ក្នុង នោះ សិទ្ធិ ជាចំបងរបស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និង សិទ្ធិ ក្នុងការចូលរួមរបស់កុមារផងដែរ ។
ឯកឧត្ដម ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានថ្លែងថា ការរំលឹកការឈឺចាប់ ទិវាកុមារអន្តរជាតិ ខួប ទី ៧០ ដូច្នេះ ក្នុងនាមជាជនរួមជាតិខ្មែរ ត្រូវរួមគ្នាការពារ នូវសន្តិភាព ស្ថេរភាព សេរីភាព ជូនកូនចៅបងប្អូន ប្រជាពលរដ្ឋ យេីង ឲ្យ មាន ការ អភិវឌ្ឍន៍ រីកចម្រើន បន្តទៅទៀត។ គ្រាដែលរាជរដ្ឋាភិបាល កម្ពុជា បានយកចិត្តទុកដាក់លេីវិស័យអប់រំ ពង្រឹង ជំរុញ ដល់ កុមារ យុវជន ឲ្យ តស៊ូ រៀនសូត្រ ដោយ បច្ចប្បន្នមានការអភិវឌ្ឍន៍លេីវិស័យអប់រំ ជាបន្តបន្ទាប់ ៕




































