បុរសម្នាក់បានលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃទៅរកស្ពាយឈើបេងជាន់មីនផ្ទុះដាច់ជើងសាំ្តម្ខាងរងរបួសធ្ងន់!

0

ព្រះវិហារ: បុរសម្នាក់បានរងរបួសធ្ងន់ដាច់ជើងស្តាំម្ខាង ខណៈពេលលួចឆ្លងដែន ចូលទឹកដីថៃ ខុសច្បាប់ ទៅរកស្ពាយឈើបេង ជាន់មីនផ្ទុះ នៅចំណុចព្រលានបេះដូង ខាងកើតច្រកអានសេះ ត្រូវបានគេនាំយកមកជួយសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣.០០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អភិបាលរងស្រុកជាំក្សាន្តលោក លិញ យុត បញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះមានឈ្មោះ ស្រី ភិន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិវាលពោធិ៍ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បានលួចឆ្លងដែនចូលក្នុងទឹកដីថៃខុសច្បាប់ ដើម្បីទៅរកស្ពាយឈើបេងបណ្តាលឲ្យជាន់មីនផ្ទុះដាច់ជើងស្តាំម្ខាងរងរបួសធ្ងន់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារផងដែរ៕សួនលីណា