កំពង់ចាម: នេះជាថ្ងៃដំបូងដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ដេីម្បីផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពគ្រួសារក្រីក្រ ។
ដេីម្បីជាការឆ្លេីយតមនៃកម្មវិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងស្ថានភាពដែលលោកកំពុងតែមានជំងឺមិនស្រួលខ្លួន នៅតែបន្តក្រោករួតរះពីព្រឹកព្រលឹម ដឹកនាំមន្ត្រី ចុះពិនិត្យការផ្តល់សេវាគាំពារសង្គមលេីស្ត្រីមានផ្ទៃពោះ និងកូនតូចៗអាយុក្រោម២ឆ្នាំ នៅមណ្ឌលសុខភាពគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
គួរបញ្ជាក់ផងដែរថា ដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ក្នុងការលេីកកម្ពស់សុខុមាលភាព មាតានិងទារក ព្រមទាំងចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតានិងទារក និងកង្វះអាហារូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នេះតទៅ ។ 
ដើម្បីឲ្យការអនុវត្តកម្មវិធីនេះដំណើរការដោយរលូន មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព គឺស្ត្រីក្រីក្រមានផ្ទៃពោះ មកទទួលសេវាថែទាំសុខភាព និងកូនអាយុក្រោម២ឆ្នាំ ត្រូវមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព។ ហើយការកំណត់អត្តសញ្ញាណស្ត្រីក្រីក្រមានផ្ទៃពោះ ដេីម្បីទទួលបានប័ណ្ណអាទិភាព ត្រូវអនុវត្តដូចកម្មវិធីមូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ត្រូវអនុញ្ញាតិឲ្យមណ្ឌលសុខភាព អាចវាយតម្លៃ និងកំណត់អត្តសញ្ញាណចំពោះស្ត្រីក្រីក្រមានផ្ទៃពោះ ដេីម្បីផ្តល់ជូនប័ណ្ណអាទិភាព ដោយអនុវត្តតាមយន្តការ និងឧបករណ៍វាយតម្លៃដូចកម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅមន្ទីរពេទ្យបង្អែក
ក្នុងនោះគណៈកម្មការកំណត់អត្តសញ្ញាណស្ត្រីក្រីក្រមានផ្ទៃពោះរបស់មណ្ឌលសុខភាព ត្រូវចាត់តាំងដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលមានសមាសភាពយ៉ាងតិច៣រូប ដឹកនាំដោយប្រធានមណ្ឌលសុខភាព និងមន្ត្រីក្រោមឱវាទ ប័ណ្ណអាទិភាពនិមួយៗរបស់ស្ត្រីក្រីក្រមានផ្ទៃពោះ ដែលផ្ដល់ដោយមណ្ឌលសុខភាព គឺមានសុពលភាពរហូតដល់កូនមានអាយុ២ឆ្នាំ ៕




































