បណ្ដាកងឯកភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ ទទួលបានកម្ចីឥណទានគ្មានការប្រាក់ជំហានទី៣ ឆ្នាំ2019, 2020, 2016 ពីក្រុមហ៊ុន ម៉ែន សារុន

0

ព្រះវិហារ: ឯកឧត្តម ឧកញ៉ា ឡាយ ស៊ា និងលោកជំទាវមីុ សីលា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហេង ហ៊ាបម៉ែនសារុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ម៉ែន សារុន នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីប្រជំុប្រគល់ និងទទួលកម្ចីឥណទានគ្មានការប្រាក់ជំហានទី៣ ឆ្នាំ2019, 2020, 2016 របស់ក្រុមហ៊ុនម៉ែនសារុន រួមនិងមីយើងចំនួន៣៥០កេះ ជូនដល់បណ្ដាកងឯកភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ ទិសទី១ប្រាសាទព្រះវិហារ។ ពិធីនេះ ស្ថិតក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង កងពលធំអន្តរាគន៍លេខ៣ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង កងពលតូចអន្តរាគន៍ទាំង៣ចំណុះ។

ឯកឧត្តម ឧកញ៉ា ឡាយ ស៊ា នាយកក្រុមហ៊ុនមែនសារុន បានថ្លែងលើកឡើងថា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឈ្លៀសវៃ ក្នុងការរក្សាស្ថិរភាពនយោបាយ និងសន្តិភាពជូនប្រទេសជាតិទាំងមូល។ ពិសេសបងប្អូនដែលឈរជើងការពារទឹកដីទិសប្រាសាទព្រះវិហារផ្ទាល់តែម្ដង ដូចជាការសាងសង់ផ្ទះសំរាប់ស្នាក់នៅ និងការផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់ឱ្យបងប្អូនធ្វើការបង្កបង្កើនផល ដើម្បីលើកស្ទួយកម្រិតជីវភាព ក្នុងការរស់នៅរបស់បងប្អូនជាគ្រួសារកងទ័ព។

ឯកឧត្តម ឧកញ៉ា ឡាយ ស៊ា បានថ្លែងលើកឡើងទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ បានអនុញ្ញាតឲ្យក្រុមហ៊ុនបានបន្តការផ្គត់ផ្គង់ ជូនក្រសួងការពារជាតិនាបណ្ដាឆ្នាំកន្លងមក និងឆ្នាំខាងមុខទៀត។ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាគ្រប់កងឯកភាពដែលបានចូលរួមសហការយ៉ាងល្អជាមួយក្រុមហ៊ុន ដើម្បីឲ្យការផ្គត់ផ្គង់អង្ករ ជូនកងយោធពលខេមរភូមិន្ទនៅទូទាំងប្រទេស ឲ្យទទួលបានជោគជ័យយ៉ាងធំប្រចាំតែចង់។

ជាមួយគ្នានោះ ឯកឧត្តម ឧកញ៉ា ឡាយ ស៊ា ក៏បានសំណូមពរទៅដល់បងប្អូនទាំងអស់ ដែលយកកម្ចីឥណទាននេះ ទៅប្រើប្រាស់ឲ្យចំទិសដៅ និងនៅរដូវប្រមូលផលស្រូវក្នុងឆ្នាំនីមួយៗ សូមបងប្អូនត្រូវសង់ផលស្រូវដែលមានគុណភាពល្អ ព្រមទាំងដឹកជញ្ជូនដល់ទីតាំងកំណត់ របស់ក្រុមហ៊ុន និងគ្រប់ចំនួនតាមផែនការប្រចាំឆ្នាំ។

សូមបញ្ជាក់ថា ការប្រគល់ទទួល កម្ចីឥណទានគ្មានការប្រាក់ជំហានទី៣នេះ គឺមានទំហំទឹកប្រាក់រហូតដល់ចំនួន១,០៨០,០០០,០០០រៀល (មួយប៊ីលានប៉ែតសិបលានរៀល) ដែលត្រូវផ្តល់ជូនចំនួន៤កងពល ក្នុងនោះរួមមាន÷ ១-កងពលធំអន្តរាគមន៍លេខ៣ (៣៦០,០០០,០០០រៀល) ២-កងពលតូចអន្តរាគមន៍លេខ៧ (២៤០,០០០,០០០រៀល) ៣-កងពលតូចអន្តរាគមន៍លេខ៨ (២៤០,០០០,០០០រៀល) ៤-កងពលតូចអន្តរាគមន៍លេខ៨ (២៤០,០០០,០០០រៀល)។ ដើម្បីបងប្អូនជាគ្រួសារកងទ័ពយកទៅបង្កបង្កើនផលស្រូវ ដោយក្រុមហ៊ុនតម្រូវឱ្យបងប្អូនសងត្រឡប់មកវិញ ជាផលស្រូវតាមតម្លៃទីផ្សារជាក់ស្ដែង៕សួនលីណា