បញ្ជូនអ្នកបើករថយន្តប្រើប្រាស់គ្រឿងញៀន១១នាក់ទៅតុលាការក្រោយបើក យុទ្ធនាការត្រួតពិនិត្យធ្វើតេស្ថទឹកនោមរកអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់

0

ខេត្តបន្ទាយមានជ័យ៖ អ្នកបើករថយន្ត១១នាក់ដែលរកឃើញមានផ្ទុកសារធាគ្រឿងញៀនត្រូវបានចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ហើយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ។បន្ទាប់ពីខេត្តបន្ទាយមានជ័យបានចាប់ផ្តើមបើកយុទ្ធនាការត្រួតពិនិត្យធ្វើតេស្ថទឹកនោមជាលើកដំបូងរកអ្នក បើករថយន្តប្រើប្រាស់គ្រឿងញៀនហាមឃាត់ខុសច្បាប់ធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍ទី១ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ត្រួតពិនិត្យលើអ្នកបើករថយន្តតូចធំដឹកទំនិញ១១៥គ្រឿងដែលមានតៃកុងនិងព្រូសរុប១៤៨នាក់ លទ្ធផលរកឃើញតៃកុងនិងព្រូ ១១នាក់បើករថយន្តក្រោមឥទ្ធិពលគ្រឿងញៀន។ប្រតិបត្តិការ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក្នុងនោះមានការចូលរួមពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្ត។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ការត្រួតពិនិត្យរកអ្នកបើករថយន្តប្រើប្រាស់គ្រឿងញៀនហាមឃាត់ខុសច្បាប់ដោយពិនិត្យឃើញថាអ្នកបើករថយន្តក្រោមឥទ្ធិពលគ្រឿងញៀនអាចនិងមានហានិភ័យបង្កគ្រោះថ្នាក់ចរាចរណ៍គ្រាដែលលោកមើលឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតនិងកើនឡើងបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់គួរឱ្យព្រួយបារម្ភ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យរយៈពេលចុងក្រោយនេះ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងទៀតថា យុទ្ធនាការត្រួតពិនិត្យរកអ្នកបើករថយន្តប្រើប្រាស់គ្រឿងញៀននិងអនុវត្តជាប្រចាំ លើវិធានការទប់ស្កាត់និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក។ការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះផងដែរកម្លាំងនគរបាលខេត្តបន្ទាយមានជ័យនិងចាប់ផ្តើមរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវ និងការចុះផ្សព្វផ្សាយអប់រំនូវច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងសិស្សនៅតាមសាលារៀនដើម្បីឱ្យពួកគាត់យល់ដឹងពីផលប៉ះពាល់វិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍មកលើសង្គមគ្រួសារនិងសង្គមជាតិ ហើយនាំគ្នាចូលរួមគោរច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ខេត្តបន្ទាយមានជ័យក្នុងរយៈពេល៦ខែឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍កើតឡើង១០១លើកបណ្តាលឱ្យមនុស្សស្លាប់៦៣នាក់និងរងរបួសធ្ងន់ស្រាល១៥០នាក់។អត្រាគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែដើមឆ្នាំ២០១៩ មានការកើនឡើងបើប្រៀបធៀបនិងរយៈពេល៦ខែឆ្នាំ២០១៨៕ដោយ៖ឃិន គន្ធា