ឧត្តមសេនីយ៍ទោ សោម ស៊ុន សន្យាសាងសង់ផ្ទះជូនលោកជួនវន អតីតយុទ្ធជនពិការមានជីវភាពខ្វះខាត

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំង ក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាត នៅភូមិ ពោធិបាក់(ក) សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩។

សកម្មភាពដ៏រស់រវើក របស់គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ស្រុក ក្រុង នៅក្នុងខេត្តកំពង់ធំ ត្រូវបានថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសម្បុរជនចូលរួមគាំទ្រ យ៉ាងពេញទំហឹងចំពោះការបំរើលើ វិស័យមនុស្សធម៌ គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ដែលបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ចុះសិក្សាស្វែងយល់ ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ធំ។ជាក់ស្តែង ឯកឧត្តម សោម ស៊ុន បានចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនពិការ គឺលោជួន វន អាយុ៥៤ ឆ្នំា  អតីតឋានន្តរសក្ដិពលបាលឯក  ធ្លាប់ចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៨៥  នៅ អង្គភាព វរសេនាតូចលេខ៥៥ចាស់ នៃយោធាខេត្តកំពង់ធំ លោកជួន វន បានត្រូវរបួសពិការជើង នៅសមរភូមិ អូរកូនមាន់  តាមដងស្ទឹងសែន ប៉ែកខាងក្រោមទីរួមខេត្តកំពង់ធំ  ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ នៅឆ្នាំ១៩៨៦ ។លោកជួន វន និងភរិយា រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយ តូចចង្អៀត ដោយសារផ្ទះដែលគាត់មានពីមុន លោកបានប្រគល់ឲ្យកូនរបសគាត់២គ្រួសារ រស់នៅជាមួយគ្នា ចំណែកបច្ចុប្បន្នបានប្រកបមុខរបរ ដាំបន្លែបង្ការ បន្តិចបន្តួចសម្រាប់ លក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ជាមួយភរិយា គួបផ្សំនិងប្រាក់បៀវត្សប្រចាំខែ ដែល រាជរដ្ឋាភិបាលបានផ្ដល់ជូន ។

ក្នុងឱកាសនៃពិធី សំណេះសំណាលសាកសួរសុខទុក្ខនេះ ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  បានឧបត្ថម្ភបន្ថែម មានអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកា ចំនួន១០០,០០០ រៀល ក្នុង ក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ និងត្រៀមដឹកជញ្ជូន ឈើគ្រឿង ផ្ទះ និងសម្ភារៈសម្រាប់សាងសង់ផ្ទះ ជូនគ្រួសារលោក ជួន វន ដែលជាខ្នងផ្ទះ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោហ៊ុន សែន ដើម្បីយកទៅសាងសង់ផ្ទះជូនគាត់នៅពេលដ៍ខ្លីខាងមុខ  ។ដោយ ប៊ុន រដ្ឋា