ខេត្តកំពង់ធំ៖ ក្នុងឱកាសកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា បញ្ហាដីតំបន់វាលក្រោម(ដីតំបន់៣)
ស្នើគណៈបញ្ជាការឯកភាព ក្រុង ស្រុកដែលពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់រំលោភបំពានកាន់កាប់ដោយខុសច្បាប់នោះទេ។ ក្រុមការងារពាក់ព័ន្ធត្រូវចុះកំណត់យាមការជាក់ស្ដែងប្រសិនករណីរកឃើញបុគ្គលណាម្នាក់រំលោភបំពាន ត្រូវកសាងសំណុំរឿងដាក់ជូនតុលាការ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុងកើតមាន និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលចាំបាច់តម្រូវឲ្យ អាជ្ញាធរមានសមត្ថកិច្ចអស់គ្រប់លំដាប់ថ្នាក់រួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។
ផោយើងត្រូវខិតខំរួមគ្នាយកព័ត៌មានពិតទៅបន្សាបព័ត៌មានមិនពិត ដោយមិនត្រូវទុកឱ្យបញ្ហារីករាលដាល ដែលអាចធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួនប្រើប្រាស់បញ្ហាទាំងអស់នេះធ្វើឱ្យស្ថានភាពវិកវរ សង្គមជាតិច្របូកច្របល់ គ្មានសណ្ដាប់ធ្នាប់៕ ដោយ ប៊ុន រដ្ឋា




































