កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ត្រីរាជការឆ្នេីម និងទាន់សម័យ ត្រូវចេះកាត់បន្ថយសេវាស៊ាំញ៊ាំង និងផ្តួចផ្តេីមឲ្យមានសេវាងាយស្រួល ឆាប់រហ័ស ជូនប្រជាពលរដ្ឋ ដែលគាត់បានមកស្នេីសុំទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០១៤-២០១៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី ២ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា លោកអភិបាល ក្រុង-ស្រុក និង លោក លោកស្រីជាមេឃុំ ចៅសង្កាត់ ស្មៀនទាំង១០៩ឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម ។
ថ្លែងក្នុងអង្គប្រជុំនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រី អាជ្ញាធរក្រុង-ស្រុកទាំង១០ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បេីទោះជាក្រុង-ស្រុកទាំង៧ ដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយ ក៏យេីងបានប្រជុំណែនាំគ្នាថា ចាប់ពីថ្ងៃទី១ មិថុនា តទៅ គឺត្រូវចាប់ផ្ដើមបម្រើសេវាជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ
ដូច្នេះសូមឲ្យលោកអភិបាល លោកប្រធានក្រុមព្រឹក្សាក្រុង-ស្រុក ធ្វើកិច្ចការនេះ ព្រោះថាមន្ត្រីរាជការដែលឆ្នេីម និងទាន់សម័យ ត្រូវចេះកាត់បន្ថយសេវាស៊ាំញ៊ាំង និងផ្តួចផ្តេីមឲ្យមានសេវាងាយស្រួល និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នាដំណាក់កាលបច្ចុប្បន្ននេះ ។ 
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តថា ដេីម្បីបម្រើសេវាគាំពារសង្គម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពនោះ គឺមេឃុំ-ចៅសង្កាត់ ត្រូវចូលរួមយ៉ាងសកម្មធ្វើការណែនាំ ដល់គ្រួសារក្រីក្រ ដេីម្បីឲ្យពួកគាត់ស្វែងយល់ពីសារៈប្រយោជន៍ នៃការថែទាំសុខភាពមាតានិងទារក ហើយទទួលបានកញ្ចប់ថវិកាពីកម្មវិធីនេះផងដែរ ។ 
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការណែនាំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ដេីម្បីចូលរួមទប់ស្កាត់ រាល់ឧបាយកលទុច្ចរិត ដែលធ្វើឲ្យសង្គមបង្កអស្ថិរភាព ហើយត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង្ស ដេីម្បីធ្វើការអភិវឌ្ឍអភិវឌ្ឍន៍រីកចម្រើនបន្តទៅមុខទៀត ៕




































