បន្ទាយមានជ័យ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការជួសជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ ដែលបាននឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៤ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានស្រះត្រជាក់ចិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចប់ ក្រោមវត្តមាន លោក ប៉ាក សុខារ៉ាវុត អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំនិងផ្សព្វផ្សាយ បរិស្ថាននិងលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ។
អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលោក ប៉ាក សុខារ៉ាវុតនិយាយថា៖ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ឧបត្ថម្ភដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ។
លោក ប៉ាក សុខារ៉ាវុត បនថែមថា៖ វគ្គបណ្តុះបណ្តាលអ្នកបច្ចេកទេសនេះជាផ្នែកមួយ នៃការអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HCFC) នៅកម្ពុជា និងមានគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍អំពីរបៀបនៃការប្រើប្រាស់ឧបករណ៍ សម្រាប់បូម និងបន្សុតសារធាតុធ្វើត្រជាក់ និងឧបករណ៍សម្រាប់សម្អាតសារធាតុធ្វើត្រជាក់ ដើម្បីកាត់បន្ថយ និងឈានទៅបញ្ឈប់ការបញ្ចេញចោលសារធាតុ HCFC ទៅក្នុងបរិយាកាស និងផ្តល់បច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការតម្លើង ឧបករណ៍ បរិក្ខារដែលប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ងាយឆេះប្រភេទថ្មី R-32, R-290 ជាដើម ដែលជាសារធាតុជំនួសមិនប៉ះពាល់ដល់ស្រទាប់អូសូន។
គួបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន៣៥នាក់ អញ្ជើញមកពីសាលាបណ្តុះបណ្តាលបច្ចេកទេសខេត្តបន្ទាយមានជ័យ គ្រូជំនាញផ្នែកបច្ចេកទេសម៉ាស៊ីនត្រជាក់ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សេវាកម្មជួសជុលបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ អ្នកបច្ចេកទេសបរិក្ខារត្រជាក់តាមសណ្ឋាគារ នៅក្រុងប៉ោយប៉ែត៕ដោយ៖ឃិន គន្ធា




































