កំពង់ធំ៖ អាវភ្លៀងអំណោយដ៍ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនត្រូវបានបំពាក់ជូនកងកម្លាំងនៃបញ្ជាការឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ ជាច្រើនរូប បានទៅបំពាក់អាវភ្លៀង ជូនដល់កងកម្លាំងវរៈសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទីតាំងនៅភូមិតាឡៃថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមក្នុងពិធីនេះជាង ២៥០នាក់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ពេលរដូវភ្លៀងសម្ដេចតេជោ ហ៊ុន សែន តែងតែបានផ្ដល់អាវភ្លៀង និងពេលរដូវរងាសម្ដេចតេជោ និងនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានផ្ដល់អាវរងារ ជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើងនៅទូទាំងប្រទេស ជាពិសេសអង្គភាពដែលមានភារកិច្ចការពារព្រំដែន និងកងកម្លាំងដែលមានភារកិច្ច ត្រៀមចល័តអន្តរាគមន៍ជួយដល់ទិសព្រំដែន ដូចជាអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំយើងផងដែរ។
សម្ដេចតេជោត្រូវបានប្រសិទ្ឋិនាមថា ជាអគ្គភស្តុភាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ដែលសម្តេចតែងតែគិតគូរ ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនយោធិនយើង គ្រប់ពេលវេលា និងគ្រប់ទីកន្លែងឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវ ឲ្យយោធិន និងក្រុមគ្រួសារទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញចូលរួមពិសារនំបញ្ចុកសន្តិភាព ដើម្បីរួមគ្នាសាមគ្គីភាព និងឯកភាពជាតិខ្មែរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នេះឲ្យបានគ្រប់ៗគ្នា។
ក្នុងនោះយោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្ត ដាច់ខាតការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពដែនដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ប្រឆាំងដាច់ខាត កម្ចាត់ចោល ជនទាំងឡាយណា ដែលបង្កើតបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាព និងសេចក្ដីសុខសាន្តរបស់ប្រជាជនកម្ពុជា។ដោយ ប៊ុន រដ្ឋា





































