ព្រះសីហនុ នៅរសៀលថ្ងៃពុធ ទី ៥ ខែមិថុនា គ.ស ២០១៩ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដែលមានការចូលរួមពីរដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ កងកម្លាំងទាំងបីប្រភេទ ប្រជាការពារ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបជាង ៥០០នាក់ នៅវេទិកា៧មករា ដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ថ្លែងក្នុងឱកាសនោះ លោក គង់ វិតាណ: អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ និយយាថា បញ្ហាបំពុលខ្យល់ក្នុងក្រុងព្រះសីហនុ ជាបញ្ហាប្រឈមមួយនាំអោយប៉ះពាល់ដល់សុខភាព។ហើយទន្ទឹមនឹងនោះ លោក បានស្នើយ៉ាងទទូចឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន សំអាតសំរាមនៅបរិវេណជុំវិញផ្ទះឱ្យបានស្អាតល្អ ដើម្បីការរស់នៅសុខដុមរមនាទាំងអស់គ្នា។ ឆ្លៀតឱកាសនោះផងដែរ លោក ក៏បានក្រើនរំលឹកយុវជន ប្អូនៗសិស្សានុសិស្ស ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើខ្លួនជាពលរដ្ឋល្អដើម្បីខ្លួនឯង ក្រុមគ្រួសារ និងជាអ្នកបន្ដវេនអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង។
តាមរយៈទិវានេះ នឹងបង្កើនការចូលរួមយល់ដឹងអំពី សភាពការណ៍បរិស្ថានពិភពលោក បរិស្ថានតំបន់ នយោបាយបរិស្ថានជាតិ ព្រមទាំងមានការចូលរួមអនុវត្តឲ្យបានខ្លាំងក្លា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យមាននិរន្តរភាព ជាពិសេស ដើម្បីជំរុញវិស័យឯកជន សហគមន៍ ចូលរួមជាមួយគ្នា និងស្វែងរកដំណោះស្រាយ ដែលមាននិរន្តរភាព និងកាត់បន្ថយការបំពុល ដោយសារសំណល់គ្រប់ប្រភេទ ជាពិសេសសំណល់ប្លាស្ទិច។ 
បើតាម លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្ដព្រះសីហនុ និយាយប្រាប់ថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០១៩ ក្រោមប្រធានបទ (ការបំពុលខ្យល់) ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីដាស់អារម្មណ៍ បំផុសគំនិត អប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្ស និស្សិត ដៃគូសហការ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យធ្វើការសំអាតអនាម័យទីក្រុង ភូមិដ្ឋានគ្រប់ទីកន្លែង។ មិនតែប៉ុណ្ណោះកម្មវិធីនេះ គឺជាផ្នែកមួយក្នុងការបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឲ្យយល់
ដឹង កាន់តែច្បាស់ ពីផលប៉ះពាល់ដែលកើតឡើងពីការបំពុល ទៅលើសុខភាព និងបរិស្ថាន។កិច្ចការនេះ ធ្វើយ៉ាងណារួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលបរិស្ថាន ឲ្យបានផុលផុស និងទូលំទូលាយ។
លោក សាមុត សុធារិទ្ធ និយាយថានៅខេត្ដព្រះសីហនុ មិនទាន់មានការបំពុលបរិស្ថានតាមខ្យល់ទេ ប៉ុន្ដែទោះជាយ៉ាងណក៏ដោយយើង ត្រូវរៀបចំពិធីនេះឡើងដើម្បីត្រៀមបង្ការទៅថ្ងៃក្រោយ។




































