នាយកដ្ឋានកិច្ចការអាស៊ីក្រសួងការបរទេសជប៉ុនឈ្វេងយល់អំពីសក្តានុពលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៩ នាយកតំបន់អាស៊ីខាងកើតនៃនាយកដ្ឋានកិច្ចការអាស៊ីខាងកើតនិងខាងលិចនៃក្រសួងការបរទេសជប៉ុន លោក យូខ្យូ សៃភា បានជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ដើម្បីឈ្វេងយល់អំពីសក្តានុពលនៃខេត្តព្រះសីហនុ គ្រាដែលខេត្តនៅតំបន់និរិតីមួយនេះត្រូវបានអ្នកវិនិយោគបរទេសជាពិសេសមកពីប្រទេសចិនកំពុងសំរុកចុះដើមទុនវិនិយោគយ៉ាងគំហុក។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលតែងជួយគាំទ្រប្រទេសកម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។តាមរយៈជំនួបនេះ អភិបាលខេត្តព្រះសីហនុ ស្នើសុំជប៉ុនជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តនេះទៅធុរជននិងប្រជាជនជប៉ុនដើម្បីអោយពួកគេចូលមកបណ្តាក់ទុននិងកំសាន្តនៅខេត្តព្រះសីហនុនុ។សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះការវិនិយោគស្របច្បាប់ទាំងអស់ដោយមិនប្រកាន់ថា ចិន ជប៉ុន អាមេរិក ឬអឺរ៉ុបឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ ធានាការពារយ៉ាងគត់មត់ផ្នែកសន្តិសុខ សុវត្ថិភាពស្របតាមច្បាប់។ជុំវិញបញ្ហានេះដែរ ឯកឧត្តម យន្ត មីន បានគូសបញ្ជាក់បន្ថែមថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥.២០២៥ របស់រាជរដ្ឋាភិបាល ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាខេត្តឧស្សាហកម្មគំរូពហុបំណង់តែមួយគត់របស់កម្ពុជានិងជាខេត្តបំពង់កសេដ្ឋកិច្ចរបស់ប្រទេស។សព្វថ្ងៃនេះការវិនិយោគពហុវិស័យកំពុងដំណើរការយ៉ាងសកម្ម និងបានធ្វើអោយ ខេត្តព្រះសីហនុ មានវឌ្ឍនភាព ជីវភាពប្រជាជនបានប្រសើរឡើងគួរជាទីមោទនៈ។

លោក យូខ្យូ សៃភា និយាយថា ខេត្តព្រះសីហនុពេលនេះពិតជាអភិវឌ្ឍលឿនប្លែកណាស់។លោក បានកោតសរសើរអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំខេត្តនេះមានការការអភិវឌ្ឍប្រែមុខមាត់យ៉ាងលឿន។លោកបញ្ជាក់ថា កន្លងមកជប៉ុន បានជួយអភិវឌ្ឍកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ជាយូរឆ្នាំមកហើយ។
បើតាម លោក យូខ្យូ សៃភា ប្រទេសជប៉ុន នឹងបន្តជួយអភិវឌ្ឍកំពង់ផែនេះតទៅទៀត និងបានសន្យាថានឹងជួយផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តព្រះសីហនុដល់ប្រជាជនជប៉ុន អ្នកវិនិយោគនិងទេសចរ ដើម្បីជម្រុញវិនិយោគិននិងទេចរអោយចូលមកវិនិយោគនិងមកលេងកំសាន្តនៅខេត្តព្រះសីហនុអោយបានច្រើន។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ទីតាំង មានរោងចក្រសហគ្រាសកំពុងដំណើរការចំនួន២១០ មានទុនវិនិយោគសរុបជាង៨០០០លានដុល្លាអាមេរិកនិងបានផ្តល់ការងារជូនប្រជាជនជាច្រើនម៉ឺននាក់ផងដែរ។
ក្រៅពីនេះ ខេត្តមានកំពង់ផែទឹកជ្រៅដែលជួយវិនិយោគដោយជប៉ុន សព្វថ្ងៃកំពុងពង្រីកបន្ថែម និងមានទំនិញចេញចូលតាមកំពង់ផែនេះចំនួន៧៣% ។មានគម្រោងពង្រីកកំពង់ផែមួយទៀតនៅស្រុកស្ទឺងហាវ។មានព្រលានយន្តហោះអន្តរជាតិកំពុងពង្រីកដើម្បីធ្វើអោយយន្តហោះធំៗអាចប្រតិបត្តិការបាន មានផ្លូវគមនាគមន៍ប្រទាក់ក្រឡា និងផ្លូវល្បឿនលឿនកំពុងសាងសង់ មានកោះ និងឆ្នេរខ្សាច់ស្អាត ជាដើម។