រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

0

ខេត្តកែប៖ កាលពី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកប្រធានក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធាន អនុប្រធានសមាសធាតុអតីតយុទ្ធជនក្រុង ស្រុក លោកចៅសង្កាត់ មេឃុំ ប្រធានសាខា ស.អ.ក ឃុំ សង្កាត់ (មេប៉ុស្តិ៍នគរបាល) មេភូមិ មន្រ្តីសង្គមកិច្ចខេត្ត អតីតយុទ្ធជន កងកម្លាំងស្នងការនគរបាលខេត្ត កងកម្លាំងតំបន់ប្រតិ្តការសឹករងកែប កងកម្លាំង រាជអាវុធហត្ថខេត្ត វរៈព្រំដែនទឹក៤៣០។

ក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើរក្នុងអង្គពិធីដូចខាងក្រោម៖
ពលិកម្មប្រកបដោយស្នារតីស្នេហាជាតិរបស់វីរអតីយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្ត គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដិ ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ប្រទេសកម្ពុជា សំដៅឲ្យមានកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ចាប់តាំងពីថ្ងៃរំដោះ ៧មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានាដើម្បីលើកកម្ពស់សុចុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឲ្យបានល្អប្រសើជាបន្តបន្ទាប់។ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមឯកឧត្ដម ជារាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
បច្ចុប្បន្ននេះអតីតយុទ្ធជនចំនួន ៨៩ ៧២២នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៣១ ៩៨៦នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្រមតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល និងបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជន។
ក្នុងឱកាសខួបលើកទី១២ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ ឯកឧត្ដមសូមអំពាវនាវដូចតទៅ ៖ទី១- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្ដុង្គឧត្ដម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ទី២- គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារីដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សាភ្ជាប់មនោសញ្ជេតនាជាមួយអតីតយុទ្ធជន យុទ្ធនារី។
ទី៣- ក្រសួងព័ត៏មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនឲ្យជួយផ្សព្វផ្សាយសារាចរនិងសារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផល នានាពាក់ព័ន្ធនិងវិស័យអតីតយុទ្ធជនឲ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹងនិងជ្រូតជ្រាប់កាន់តែទូលំទូលាយបន្ថែមទៀត។
ទី៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្ដល់សេវារបបសន្តិសុខ សង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយះបេឡាជាតិអតីតយុទ្ធជននៅទូទាំងប្រទេស។
ទី៥- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវសហការគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទាដល់សង្គមកិច្ចជូនអតីតកងកម្លាំប្រដាប់អាវុធ និងគ្រួសារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទី៦- ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថមគាំទ្រដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះកាលំបាក។