អង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរី បន្ថែមម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់បន្ថែមដល់ការផលិតទឹកស្អាត

0

មណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ លោក ចឹង សុចន្ថា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ និងមន្រ្តី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានចុះត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូមទឹកឆៅ នៅទំនប់សណ្ឋាគារមណ្ឌលគិរី ដែលអង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរី ធ្វើការបំពាក់ម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់បន្ថែមដល់ការផលិតទឹក ស្អាតរបស់អង្គភាពរដ្ឋាករទឹក ដើម្បីដោះស្រាយបញ្ហាកង្វះប្រភពទឹកឆៅ។

លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា យោងស្មារតីអង្គប្រជុំដោះស្រាយបន្ទាន់ករណីរីងប្រភពទឹកបឹងទំនប់លើកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អង្គភាពរដ្ឋាករទឹកខេត្តមណ្ឌលគិរី ធ្វើការបំពាក់ម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី សម្រាប់ផ្គត់ផ្គង់បន្ថែមទៀតដល់ការផលិតទឹក ស្អាតរបស់អង្គភាពរដ្ឋាករទឹក ដើម្បីដោះស្រាយបញ្ហាកង្វះប្រភពទឹកឆៅ។ ដូច្នេះ អង្គភាពរដ្ឋាករទឹកមណ្ឌលគិរី បានធ្វើការបំពាក់ទុយោរប្រភេទ HDPE Ø110 ប្រវែង ៩៨០ ម៉ែត្រ និងម៉ាស៊ីនម៉ាស៊ូតបូមទឹកកម្លាំង ៣០ សេះ ព្រមទាំងក្បាលបូម N8 ដែលមានសមត្ថភាពអាចបូមទឹកបាន ១២ m3/ម៉ោង ចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ ដោយមានកិច្ចសហការរបស់សាលាក្រុងសែនមនោរម្យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបញ្ចប់ជាស្ថាពរ និងត្រៀមដំណើរការបូម ផលិត និងផ្គត់ផ្គង់។

លោក ចឹង សុចន្ថា អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ក៏ដូចជាអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការរៀបចំបំពាក់ម៉ាស៊ីនបូមទឹក និងទុយោរថ្មី ដោយទាញទឹកឆៅពីប្រភពទឹកទំនប់សណ្ឋាគារមណ្ឌលគិរី ដើម្បីផ្គួបផ្សំជាមួយទឹកបឹងទំនប់ក្រោម ក្នុងការយកមកផ្គត់ផ្គង់ជូនពលរដ្ឋប្រើប្រាស់។

អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវចុះសិក្សា និងស្វែងរកប្រភពទឹកបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ធានានៃការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ក៏ដូចជាពង្រីកនៅតាមបណ្តាឃុំ/សង្កាត់ និងស្រុក ឱ្យបានគ្រប់គ្រាន់៕