ស្ទឹងត្រែង÷កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមការងារលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដឹកនាំដោយលោក តិត សាលី អនុរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា រួមទាំងអ្នកវិយោគគិនចិន បានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដើម្បីពិភាគ្សា និងសិក្សាស្វែងយល់បន្ថែមលើការត្រៀមរៀបចំសាងសង់ និងបើកឲ្យដំណើរការឡើងវិញនូវព្រលានយន្តហោះខេត្តស្ទឹងត្រែង ។
លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានស្វាគមន៍ចំពោះការត្រៀមរៀបចំសាងសង់ និងបើកឲ្យដំណើរការឡើងវិញនូវព្រលានយន្តខេត្តស្ទឹងត្រែងជាថ្មី ក្រោយពេលផ្អាកការហោះហើរជាច្រើនឆ្នាំមកនេះ ។ អភិបាលខេត្តបានលើកឡើងថា÷ការបើកឲ្យដំណើរការឡើងវិញ ព្រលានយន្តហោះខេត្តស្ទឹងត្រែង គឺជារឿងល្អសម្រាប់ប្រជាជនខេត្តស្ទឹងត្រែង ក៏ដូចជាប្រជាជនទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថាព្រលានយន្តហោះខេត្តស្ទឹងត្រែងនេះ និងជួយកាត់បន្ថយនូវរាល់ការចំណាយពេលវេលាដ៏ច្រើនម៉ោងរបស់ប្រជាពលរដ្ឋ
ក៏ដូចជាអាជីវករ អ្នកវិនិយោគ និងអ្នកទេសចរណ៍ក្នុងការធ្វើដំណើរទៅមកពីខេត្តស្ទឹងត្រែង ទៅកាន់រាជធានីភ្នំពេញ និងទៅតាមបណ្តារខេត្តផ្សេងៗទៀត ។ លោកបន្តថា÷ការបើកឲ្យដំណើរការព្រលានយន្តហោះជាថ្មី ក៏ជាផ្នែកមួយសំខាន់ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ឲ្យមកកម្សាន្តលេងក្នុងខេត្តភូមិឦសានមួយនេះ ដែលសម្បូរទៅដោយរម្មណីយដ្ឋានទេសចរណ៍បែបធម្មជាតិ លើសពីនេះ ក៏អាចជាឱកាសមួយល្អក្នុងការទាញយកអ្នកវិនិយោគនានា មកធ្វើការវិនិយោគក្នុងខេត្តស្ទឹងត្រែងយើងផងដែរ ។
លោក តិត សាលី អនុរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា បានបញ្ជាក់ថា÷ការដំណើរការសាងសង់ និងប្រើប្រាស់ឡើងវិញនូវព្រលានយន្តហោះ ខេត្តស្ទឹងត្រែង មិនត្រឹមតែលើកមុខមាត់ខេត្តស្ទឹងត្រែង និងចូលរួមអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងប៉ុណ្ណោះទេតែក៏ជាការលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលផងដែរ ។លោកថា÷ការបើកដំណើរការជើងហោះហើរនៅខេត្តស្ទឹងត្រែងបើសិនកាន់តែលឿន កាន់តែល្អ ប៉ុន្តែដើម្បីទទួលបានជោគជ័យ និងដំណើរការទៅបានល្អប្រសើរនោះ យើងត្រូវការពង្រីកទីតាំងព្រលានយន្តហោះឲ្យកាន់តែធំជាងមុនសិន ។
សូមបញ្ជាក់ថា÷នៅក្នុងកិច្ចពិភាគ្សាពីគម្រោងជួសជុល និងត្រៀមដំណើរការព្រលានយន្តហោះខេត្តស្ទឹងត្រែងនេះ ក្រុមការងារលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចថា នឹងបង្កើតគណៈកម្មការមួយដើម្បីសិក្សាបន្ថែម និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋក្បែតំបន់នោះ ព្រោះព្រលានយន្តហោះស្ទឹងត្រែងនេះ នឹងត្រូវពង្រីកឲ្យធំជាងមុនបន្ថែមទៀត ៕ម៉ាវិន




































