ឯ.ឧ ណុប ចាន់ណារិន្ទ ៖ ប្រសិនបើលោក លី សៀនឡុង មានកំណើតត្រឹមអំឡុងទសវត្ស៩០ យើងជឿថាលោកមើលប្រវត្តិសាស្ត្រខុស

0

ភ្នំពេញ៖  ឯ.ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ របបប៉ុលពត ( កម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍) បានស្លាប់ទៅ អស់រយៈពេលជាង៤០ឆ្នាំ ចាប់ពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមកិច្ចសហការពីកងទ័ពស្ម័គ្រចិត្តវៀតណាម ។ ស្ថានការនយោបាយ និងសន្តិភាព ការអភិវឌ្ឍប្រទេស កំពុងតែត្រូវបង្ហាញពីភាពរឹងមាំរបស់កម្ពុជា ទៅកាន់ពិភពលោក និងប្រទេសក្នុងតំបន់ ។

ចុះហេតុអ្វីបានលោកនាយករដ្ឋមន្ត្រី សិង្ហបុរី លី សៀនឡុង ដែលចាប់កំណើតតាំងពីទសវត្ស៤០ មកនិយាយខុសប្រវត្តិសាស្ត្រទៅវិញ ?ប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបបប៉ុលពត នៅចងចាំបានថា ៖ លោកធ្លាប់លើកដៃបួងសួងសុំឲ្យរួចផុតពីរបបដ៏យង់ឃ្នងនេះ បើទោះជាអ្នកនោះជាអ្នកណាក៏ដោយ ឲ្យតែគាត់បានរួចផុតពីទុក្ខវេទនា និងការរង់ចាំថ្ងៃគេយកទៅសម្លាប់បែបនេះ ។ ចង់ថា ទោះជាចោរក៏ដោយឲ្យតែធ្វើឲ្យគាត់រស់រានមានជីវិត ។

អញ្ចឹងការលើកឡើងរបស់លោក លី សៀនឡុង ថា វៀតណាមឈ្លានពានកម្ពុជានោះ តើលោកឈរលើមូលដ្ឋានអ្វី ? ជាប៉ុលពត ឬ ជាព្រលឹងរបស់ប៉ុលពត ? ព្រោះអ្នកដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា គឺមានតែប៉ុលពត និងក្រុមអ្នកនៅពីក្រោយខ្នងរបបប្រល័យពូជសាសន៍ ( ប៉ុលពត ) តែប៉ុណ្ណោះ ។

ប្រសិនបើលោក លី សៀនឡុង មានកំណើតត្រឹមអំឡុងទសវត្ស៩០ យើងជឿថាលោកមើលប្រវត្តិសាស្ត្រខុស ។ តែបើលោកចាប់កំណើតមុនទសវត្ស៦០ ប្រាកដគេវាយតំលៃបានថា លោក លី សៀនឡុង ក៏ជាអ្នកផ្សំគំនិត សម្លាប់ប្រជាជនកម្ពុជា នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ៕