កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា នំបញ្ចុក គឺជាអត្តសញ្ញាណជាតិជារបស់ខ្មែរ ប្រជាជនខ្មែរមានចំណងចំណូលចិត្តក្នុងការពិសារនំបញ្ចុក តែអ្នកនយោបាយក្រៅសៃវៀន មួយចំនួន បានយកនំបញ្ចុកជាចំណាត់ខ្មាំង បានប្រកាសថា ហូបនំបញ្ចុកគឺស្នេហាជាតិ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីពិសារ នំបញ្ចុកតេជោសន្តិភាព ជាមួយនិងប្រជាពលរដ្ឋសង្កាត់ស្រយ៉ូវជាង៥០០នាក់ កាលពីរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងបរិវេណវត្តស្រយ៉ូវ ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់បងប្អូនជាទីស្រឡាញ់ទាំងអស់ ឲ្យពិសារនំអីក៏ពិសារទៅតាមតែចិត្ត ពុំមានការខុសច្បាប់នោះឡើយ កុំតែហូបហើយបែរជា បង្ករបញ្ហា បង្ករអសន្តិសុខសង្គមទើបជារឿងខុសច្បាប់ ហើយប្រជាពលរដ្ឋមានសិទ្ធិក្នុងការហូបនំបញ្ចុកគ្រប់គ្នា ដោយមិនមានការបែងចែកឬប្រកាន់បក្សណាឡើយ ទើបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាស់ឲ្យប្រជាជនខ្មែរ ហូបនំបញ្ចុកទាំង អស់គ្នាក្នុងថ្ងៃតែមួយ ដើម្បីបង្កើនសាមគ្គីភាពពង្រឹងមិត្តភាព ដើម្បីសន្តិភាព និងលើកតម្កើងអត្តសញ្ញាណជាតិខ្មែរផងដែរ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នំបញ្ចុកគឺមានគុណភាពល្អសម្រាប់សុខភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់ ដែលត្រូវបានផ្សំគ្រឿងសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាព និងសម្លរសាច់ត្រី ដែលមានរស់ជាតិឆ្ងាញ់ ដែលជាតម្រូវការចាំបាច់ ក្នុងពិធីបុណ្យ ពិធីឡើងផ្ទះ និងការជួបជុំបងប្អូន និងពិធីផ្សេងៗ គឺមាននំបញ្ចុកដើម្បីទទួលភ្ញៀវ ដូច្នេះសូមឲ្យបងប្អូន ចូលរួមលើកតម្កើងម្ហូបអាហារ រួមទាំងនំចំណីរបស់ខ្មែរ និងដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើរបស់ខ្មែរផងដែរ។
ក្នុងឳកាសនេះផងដែរ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការព្រួយបារម្ភណ៍ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរធ្វើស្រែចំការ ចេញទៅទីវាលលំហរ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវប្រើប្រាស់ គ្រឿងអ៊ីឡិចត្រូនិច ទូរស័ព្ទ នៅពេលមានមេឃភ្លៀងផ្គររន្ទះនោះឡើយ ដើម្បីចៀសវាងមានគ្រោះថ្នាក់ពីធម្មជាតិ និងបានផ្តាំផ្ញើរឲ្យមានសុខភាពល្អ ចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសយើងរីកចំរើន ។
ដោយ ប៊ុន រដ្ឋា





































