ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីជួបប្រជុំស្តីពីការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារ នៃការវិនិច្ឆ័យតាមលក្ខណៈជាប្រពន្ធ័ ស្ថិតនៅភូមិចំនួន២ គឺភូមិចំការកៅស៊ូ និងភូមិជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ គូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ អនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវស្របតាមគោលនយោ បាយដីធ្លីរបស់រាជរដ្ឋាភិបាល។
ការធ្វើបណ្ណ័កម្មសិទ្ធជូនពលរដ្ឋជាលក្ខណៈប្រពន្ធ័នេះវាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងទំនាស់ដីធ្លីនៅក្នុងសង្គមផងដែរ។
ទន្ទឹមនេះ ឯកឧត្តម យន្ត មីន រំលឹកប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចូលរួមក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនក្នុងពេលបិទផ្សាយ ដើម្បីធានានូវភាពត្រឹមត្រូវ។ប្រសិនបើមានចំណុចខុសឆ្គងទិន្នន័យ សូមដាក់ពាក្យបណ្ដឹងជំទាស់តវ៉ាដើម្បីកែតម្រូវឡើងវិញ ដោយទុករយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលា ឃុំជើងគោ។ជាមួយនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរប្រជាពលរដ្ឋ អោយចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចូលរួមគោរពចរាចរណ៍ ។
គួរបញ្ជាក់ថាបន្ទាប់ពីចប់ពិធីនេះ ឯកឧត្តម យន្ត មីន បានបន្តដំណើរទៅពិនិត្យមើលការសាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែងទៀតនៅភូមិអន្លង់ក្រពើ និងចង្វាក់ផលិតកម្មរោងចក្រសម្រាញ់ដូងប្រេងមនោរម្យផងដែរ។បើតាម លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រាប់ឃុំជើងគោ មានពីរភូមិ ភូមិចំការកៅស៊ូ និងភូមិជើងគោ សរុបចំនួន ៧១៨ក្បាលដី ក្នុងនោះ ភូមិចំការកៅស៊ូមានចំនួន ៣៧៩ក្បាលដី ភូមិជើងគោ មានចំនួន ៣៣៩ក្បាលដី ហើយគណកម្មការសូរិយាដីនិងនៅចាំការតវ៉ារបស់បងប្អូនប្រជាពករដ្ឋរយពេល១៥ថ្ងៃចាប់ពីថ្ងៃបិទផ្សាយនេះតទៅ។




































