ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ដើម្បីការលូតលាស់កាយសម្បទា បញ្ញាស្មារតីទាំងម្តាយ និងទារក សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់តាមវិជ្ជាបញ្ជាគ្រូពេទ្យ

0

ព្រះវិហារ: អភិបាលខេត្តព្រះវិហារ ឯកឧត្ដម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដើម្បីជម្រុញដល់ការលូតលាស់ទាំងកាយសម្បទា បញ្ញាស្មារតី ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារមានអាយុក្រោម២ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការអនុវត្តកម្មធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ ន័យគ្រួសារមានប័ណ្ឌសមធម៌ ឬប័ណ្ឌអទិភាពដែលចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ។ នៅក្នុងគោលបំណងលើកកម្ពស់សុខភាពមាតា និងទារក រួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់កូនមានអាយុ២ឆ្នាំ។

ប្រសាសន៍ថ្លែង របស់ឯកឧត្ដម អ៊ុន ចាន់ដា បែបនេះនៅក្នុងពិធីផ្សព្វផ្សាយស្តីពី ការអនុវត្តន៍កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ ន័យគ្រួសារមានប័ណ្ឌសមធម៌ ឬប័ណ្ឌអទិភាព នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល នៃកម្ពុជា ដាក់ឲ្យអនុវត្តកម្មធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកូនមានអាយុក្រោម២ឆ្នាំ ន័យគ្រួសារមានប័ណ្ឌសមធម៌ ឬប័ណ្ឌអទិភាព បានទទួលអត្ថប្រយោជន៍ថ្មីទាំងកញ្ចប់សេវាពិនិត្យផ្ទៃពោះ សម្រាល ក្រោយពេលសម្រាល និងប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់បន្តថា កន្លងមកស្រ្តីមកពីគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ឌអទិភាព និងស្ត្រីជាមន្ត្រីរាជការស៊ីវិល កម្លាំងកងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋក្រីក្រ កម្មករ និយោជិកក្រៅប្រព័ន្ធ ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្ត្រីភូមិ កីឡាករ កីឡាការិនី កម្មករត្រីចក្រយាន្ត និងប្រតិបត្តិការដោះមីន ត្រូវបានរាជរដ្ឋាភិបាលបង់ប្រាក់ជំនួសលើសេវាកម្មពិនិត្យព្យាបាលសុខភាព ការសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពរួចមកហើយ តែពេលថ្មីនេះមានការសម្រេចដាក់ចេញ នូវគោលនយោបាយផ្ដល់សាច់ប្រាក់ ក្នុងការគាំពារសុខភាពសង្គម មិនធ្លាប់មានពីមុនមកដែលជាគំនិតផ្ដួចផ្ដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសសម្រេច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដែលអានដោយលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ការឧបត្ថម្ភថវិកាម្នាក់ចំនួន ៧៦ម៉ឺនរៀលនេះ ដោយចែកចេញជា៣ដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១ នៅពេលមានផ្ទៃពោះ គឺទទួលបានប្រាក់ចំនួន៤ដង ក្នុងមួយដង៤ម៉ឺនរៀល ដំណាក់កាលទី២ នៅពេលសម្រាលទទួលបានប្រាក់២០ម៉ឺនរៀល និងដំណាក់កាលទី៣ នៅពេលក្រោយសម្រាល និងយកកូនមកទទួលថ្នាំបង្ការរហូតដល់កូនអាយុក្រោម២ឆ្នាំ គឺទទួលប្រាក់ចំនួន១០ដង ដែលមួយដង៤រៀល៕សួនលីណា