ព្រះវិហារ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះថាប្រជាកសិករខេត្តព្រះវិហារ កំពុងតែមមាញឹកក្នុងការប្រមូលផលដំណាំល្ពៅ លក់ឲ្យឈ្មួញ បន្ទាប់ពីហាងឆេងផ្លែល្ពៅ លក់បានតម្លៃខ្ពស់ បើប្រៀបធៀបទៅ នឹងប៉ុន្មានឆ្នាំកន្លងទៅ។
លោក ពឹង ទ្រីដា បានបន្តថា បច្ចុប្បន្ននេះ ប្រជាកសិករក្នុងខេត្តព្រះវិហារ កំពុងតែសម្រុកប្រមូលផលដំណាំល្ពៅលក់ឱ្យឈ្មួញ ដោយក្នុងមួយគីឡូក្រាម បានតម្លៃ២,៥០០រៀល គឺខុសគ្នាឆ្ងាយណាស់ ហើយឈ្មួញមកទិញដល់ចំការតែម្តង។
ប្រធានមន្ទីរ បានបញ្ជាក់ថា ដាំដំណាំល្ពៅ ក្នុងខេត្តព្រះវិហារ មានដាំនៅក្នុងក្រុងព្រះវិហារ ស្រុកសង្គមថ្មី និងស្រុកគូលែន សម្រាប់ផ្ទៃដីមានប្រមាណចំនួន២,០០០ហិកតា ផ្តល់ទិន្នផលជាមធ្យមប្រមាណ២៥តោន ទៅ៣០តោន ក្នុងមួយហិកតា៕សួនលីណា





































