លោកជំទាវ ភឿង សកុណា កោតសរសើរចំពោះលទ្ធផលផ្លូវការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរលើកទី៣២

0

សៀមរាប: កិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង​អភិវឌ្ឍន៍​តំបន់​​ប្រវត្តិ​សាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុ​នា ឆ្នាំ២០១៩ ប្រកបដោយលទ្ធផលជាវិជ្ជមាន ក្រោមអធិបតីភាពសហប្រធាន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា៖ លទ្ធផល​ដែលទទួលបានពីកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃអាយស៊ីស៊ី-អង្គរ គឺខាងអ្នកបច្ចេក​ទេសជាន់ខ្ពស់​ជាតិ-អន្តរជាតិ បានពិនិត្យមើលឡើង​​វិញនូវអនុសាសន៍ដែល​បានធ្វើកាល​ពីកិច្ចប្រជុំពេញ​អង្គលើកទី៣០​និងបច្ចេកទេសលើកទី៣១។ ក្នុងនោះដែរ តាមរយៈដំណើរទស្សនកិច្ចនៅតាមប្រាសាទនានា ចំនួន២០​គម្រោង ត្រូវបានអ្នកជំនាញជាន់ខ្ពស់ថ្លែងកោតសរសើរដែលអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសជួសជុល​និងផ្តល់អនុសាសន៍ថ្មីៗ​បន្ថែម​ទៀត​ក្នុងការអភិរក្ស​ប្រាសាទក្នុងតំបន់អង្គរជាបន្ត។

លោកជំទាវរដ្ឋមន្ត្រី បានចាត់ទុកថា នេះជាជោគជ័យដ៏ធំមួយនៃដំណើរការកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ពិសេសអ្នក​ជំនាញអន្តរជាតិ​បានវាយតម្លៃដ៏ខ្ពស់ចំពោះសមត្ថភាពអ្នក​ជំនាញខ្មែរក្នុងកិច្ចការ​ជួស​ជុល​ប្រាសាទ ដែលមាន​សមត្ថភាពអាចកាន់កិច្ចការបានដោយខ្លួនឯង និងធ្វើការជាមួយអន្តរជាតិ ៕