កំពង់ចាម: ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងកំពង់សៀម មកទទួលសេវានានានៅការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកកំពង់សៀម ដោយមិនចាំបាច់ចំណាយលុយលេីអ្នករត់ការស៊ីកុងស្យុងឡេីយ ការថ្លែងយ៉ាងដូច្នេះក្នុងពិធីបេីកសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការនូវ
ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ការិយាល័យជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ ។ 
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាសាធារណៈ ដោយមិនចាំបាច់រកជួបអភិបាលស្រុក ឬជួបប្រធានការិយាល័យណាមួយទេ គឺគ្រាន់តែមកជួបជាមួយមន្ត្រីការិយាល័យច្រកជាការស្រេច ដោយមិនចាំបាច់មានអ្នកកាន់ឯកសាររត់ការឡើយ ហើយការិយាល័យប្រជាពលរដ្ឋ ត្រូវតាមដានលេីការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ទាល់តែមានប្រជាពលរដ្ឋប្តឹងនោះទេ គឺត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដោយឈរលើគោលការណ៍ ធ្វើឲ្យបាន ធ្វេីឲ្យលឿន និងមានតម្លាភាព ។
ចំពោះការបង់ពន្ធ និងការបង់សេវាសាធារណៈ បេីគ្មានវិក្កយបត្រទេនោះ គឺស្មេីនឹងការប្រព្រឹត្តអំពេីពុករលួយផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម មកទទួលសេវានានានៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់សៀម ដែលបានដាក់ដំណេីរការនាពេលនេះ ។ ហើយនៅពេលដែលមកទទួលសេវា សូមបងប្អូនប្រជាពលរដ្ឋពិនិត្យតម្លៃសេវាទៅតាមការកំណត់នៃតារាងតម្លៃ និងពេលវេលាកំណត់ ដែលមានបិទផ្សាយនៅក្នុងការិយាល័យច្រកចេញចូលតែមួយ ឲ្យបានច្បាស់លាស់ផង ចៀសវាងការបង់ប្រាក់លេីសចំនួនដែលបានកំណត់ ។
បេីយោងតាមរបាយការណ៍របស់លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានបង្ហាញថា ការិយាល័យច្រកចេញចូលតែមួយ បានដាក់ឲ្យអនុវត្តសាកល្បង តាមអនុសាសន៍របស់ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នូវសេវាចំនួន២តែប៉ុណ្ណោះ គឺសេវានិត្យានុកូលកម្ម និងឯកសារអត្រានុកូលដ្ឋានជាលទ្ធផល÷ក្នុងដំណាក់កាលសាកល្បងនេះ ការិយាល័យច្រកចេញចូលតែមួយ ទទួលបានសេវា និត្យានុកូលកម្ម(មានសៀវភៅ
គ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ និងលិខិតបទដ្ឋានផ្សេងៗទៀត) សរុបចំនួន ២,៤៩៨សេវាក្នុងនោះសេវាដែលតម្រូវឲ្យបង់កម្រៃមានចំនួន ៥២៣ សេវា ទទួលបានថវិកាសរុបចំនួន ៥២៣,០០០រៀល និងសេវាអត្រានុកូលដ្ឋាន សរុបចំនួន ៣២០៧សេវា ប្រជាពលរដ្ឋដែលបានមកសុំសេវាមានចំនួនសរុប ១,១០០នាក់ ផងដែរ ៕




































